កំពង់ចាម៖ ជនពិការក្រីក្រចំនួន ១គ្រួសារ ដែលរស់ ឃុំគរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានទទួលផ្ទះចំនួន១ខ្នងពីមូលនិធិជនពិការ។ ជនមានពិការភាពរូបនេះមានឈ្មោះ នួន ណាវី ភេទស្រី អាយុ៥៤ឆ្នាំ ជាជនពិការជើងស្តាំនិងសតិបញ្ញា។
មូលនិធិជនពិការសម្រេចផ្តល់ផ្ទះថ្មី១ខ្នង ធ្វើអំពីថ្មប្រក់ស័ង្កសីទំហំ៤x៦ម៉ែត្រ ជូនលោកស្រីនួន ណាវី ដែលពិការជើងស្តាំ និងសតិបញ្ញា ដើម្បីគាត់មានទីជម្រករស់នៅសមរម្យ។ ពិធីនេះមានការចូលរួមជាអធិបតីរបស់លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ និងមានការចូលរួមជាកិត្តិយសលោក ទូច វឌ្ឍនា ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងវត្តមានមន្ត្រីមូលដ្ឋានជាច្រើនរូប។
តាមការរាយការណ៍របស់អាជ្ញាធរឃុំ បានឱ្យដឹងថា ជនពិការខាងលើរស់នៅជាមួយកូនចំនួន២នាក់ ដែលក្នុងនោះ កូនប្រុស ១នាក់ ក៏ជាជនពិការសតិបញ្ញាដែរ ដោយប្រភពចំណូល គឺពឹងផ្អែកទាំងស្រុងលើកូនស្រីធ្វើការរោងចក្រ។
មុននឹងទទួលបានផ្ទះនេះ គាត់មានផ្ទះចាស់ទ្រុឌទ្រោមមួយតែជាអកុសលត្រូវបានដួលរលំដោយសារខ្យល់កន្ត្រាក់ ហើយគ្រួសារគាត់បានមកស្នាក់នៅជាមួយបងប្អូនដែលនៅជិតផ្ទះគាត់បណ្តោះអាសន្ន។
លោក ស៊ឹម សុធន នាយកមូលនិធិជនពិការ បានថ្លែងថា ជាការពិតណាស់កម្មវិធីសាងសង់ផ្ទះជូនជនពិការក្រីក្រតាមសហគមន៍នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរបស់ជនពិការក្រីក្រ ក៏ដូចជាចូលរួមជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ គិតពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ ការសាងសង់ និងប្រគល់ជូនជនពិការក្រីក្របានចំនួន ២៩ខ្នងហើយ។
លោក ជា បញ្ញា អភិបាលរងស្រុកព្រៃឈរ មានមតិថា ក្នុងនាមអាជ្ញាធរស្រុក លោកពិតជាមានសេចក្តីសោមនស្សរីករាយ ដែលមូលនិធិជនពិការ បានសាងសង់ផ្ទះជូនជនពិការក្រីក្រនៅស្រុកព្រៃឈរនេះ ដែលបានរួមចំណែកកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សុខុមាលភាពរបស់ក្រុមគ្រួសារគាត់។
ក្នុងពិធីនេះដែរ មូលនិធិជនពិការក៏បានផ្តល់ជូននូវអំណោយសប្បុរសធម៌របស់មូលនិធិជនពិការ សម្រាប់ផ្តល់ជូនដល់គ្រួសារដែលទទួលបានផ្ទះថ្មី នូវថវិកាចំនួន១០ម៉ឺនរៀល អង្ករ២៥គីឡូក្រោម ត្រីខ២យួរ ទឹកស៊ីវអ៊ីវ១យួរ ទឹកត្រី១យួរ អំបិល ២កញ្ចប់ និងមី១កេស។ សាខាកាកបាទក្រហមស្រុក តាមរយៈលោកអភិបាលរងស្រុកព្រៃឈរ ក៏បានឧបត្ថម្ភដល់ជនពិការផងដែរនូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន៕ អត្ថបទ៖ គឹមហុក