អភិបាលខេត្តកំពត បានអំពាវនាវ ឱ្យពលរដ្ឋដែលមានដី នៅក្នុងតំបន់បិទផ្សាយ ត្រូវទៅត្រួតពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួន ឱ្យបានច្បាស់លាស់ ក្នុងរយៈពេល១៥ថ្ងៃ ដើម្បីជៀសវាងកំហុសណាមួយកើតឡើង ជាយថាហេតុ ចំពោះបណ្ណកម្មសិទ្ធិដីធ្លីរបស់ខ្លួន។
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ១ភូមិ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ ភូមិ ក្នុងស្រុកដងទង់ ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តទ្វេរសិក្ខារតនារាម ស្ថិតនៅភូមិព្រៃឃ្មុំ ឃុំខ្ចាយខាងជើង ស្រុកដងទង់ ខេត្តកំពត។
នាឱកាសនោះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ដោយអនុវត្តតាមគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ក៏ដូចជាដើម្បីឈានទៅសម្រេចបាននូវគោលនយោបាយដីធ្លីដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល កាត់បន្ថយទំនាស់ដីធ្លី និងឱ្យប្រជាពលរដ្ឋកាន់កាប់ដីធ្លីដោយស្របច្បាប់ អាជ្ញាធរខេត្តកំពត មន្ទីរជំនាញ រួមនឹងអាជ្ញាធរគ្រប់មូលដ្ឋាន បាននិងកំពុងសហការគ្នាយ៉ាងសស្រាក់សស្រាំក្នុងការចុះវាស់វែងដី ដើម្បីចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងពន្លឿនឱ្យការចេញបណ្ណកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋបានលឿនបំផុត។
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវផ្តាំផ្ញើដល់ម្ចាស់ដី ឬប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិដែលបានបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យទាំងអស់ ត្រូវមកពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឲ្យបានច្បាស់លាស់ ដូចជាផ្ទៃក្រឡា ព្រំដី ឈ្មោះម្ចាស់កម្មសិទ្ធិ ប្រភេទទ្រព្យ ប្រភពនៃការកាន់កាប់ ទីកន្លែងកំណើត និងថ្ងៃខែឆ្នាំកំណើតជាដើម ។ល។ ដើម្បីជៀសវាងមានកំហុសពេលចេញបណ្ណ ព្រោះរយៈពេលនៃការតវ៉ាមានត្រឹមតែ ១៥ថ្ងៃប៉ុណ្ណោះចាប់ពីថ្ងៃបិទផ្សាយតទៅ ដោយពុំគិតពីថ្ងៃឈប់សម្រាក។
លោក ព្រាប សុផាត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្នុងថ្ងៃនេះរដ្ឋបាលខេត្តបានចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ១ភូមិ ដែលមានក្បាលដី សរុបចំនួន១.៨៥៤ ក្បាលដី ស្មើនឹង ៩៩៤ គ្រួសារ និងប្រកាសបិទផ្សាយជាធារណៈនូវឯកសារ នៃការវិនិច្ឆ័យ ចំនួន២ភូមិស្ថិតក្នុងឃុំខាយខាងត្បូង ស្រុកដងទង់ ÷ ក្នុងនោះភូមិឈ្លីតលើ មានក្បាលដីសុរុបចំនួន ១.៨០២ ក្បាលដី ស្មើនឹង ៨៦០ គ្រួសារ, ភូមិត្រពាំងអណ្តូង មានក្បាលដីសុរុបចំនួន ១.៤៥០ ក្បាលដី ស្មើនឹង ៧៨២ គ្រួសារ៕