ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ា ទៅលើភូមិមួយដែលកាន់កាប់ដោយក្រុមយុទ្ធជនប្រឆាំងរដ្ឋប្រហារបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ នេះបើយោងតាមមន្ត្រីរដ្ឋបាលក្នុងតំបន់ដែលបាននិយាយថាការទម្លាក់គ្រាប់បែកបានផ្តោតលើតំបន់ជនស៊ីវិល។

យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ ដែលបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលក្នុងសង្រ្គាមស៊ីវិលដ៏ធ្ងន់ធ្ងរ ហើយក្រុមអ្នកវិភាគនិយាយថា របបយោធាដែលកំពុងបង្កើនការប្រយុទ្ធ កំពុងប្រើប្រាស់ការវាយប្រហារតាមអាកាសកាន់តែខ្លាំងដើម្បីកំណត់គោលដៅជនស៊ីវិល។

ការវាយប្រហារកាលពីរសៀលថ្ងៃសុក្រ បានដាក់គោលដៅលើភូមិ Letpanhla ប្រហែល៦០ គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងធំបំផុតទីពីររបស់ប្រទេសនេះគឺទីក្រុង ម៉ាន់ដាឡេ (Mandalay) ។
ភូមិនៅក្នុងទីប្រជុំជន Singu ត្រូវបានកាន់កាប់ដោយកងកម្លាំងការពារប្រជាជន (PDF) ជាក្រុមទ័ពព្រៃប្រឆាំងរដ្ឋប្រហារដែលបានលើកអាវុធប្រឆាំងបន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់ប្រទេសនេះ កាលពី ៤ ឆ្នាំមុន។
មន្ត្រីរដ្ឋបាលក្នុងតំបន់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា មនុស្សជាច្រើនបានស្លាប់ដោយសារតែពួកគេបានទម្លាក់គ្រាប់បែកទៅលើតំបន់ដែលមានមនុស្សច្រើន។ ការស្លាប់នេះបានកើតឡើងនៅពេលមនុស្សម្នាទៅផ្សារ៕