ផ្សារភាគហ៊ុន Wall Street កំពុងមានអារម្មណ៍ក្តៅនៅពេលមានក្ដីបារម្ភខ្លាំងពីការធ្លាក់ចុះសេដ្ឋកិច្ច ដែលជំរុញដោយគោលនយោបាយពន្ធដ៏គឃ្លើនជាបន្តបន្ទាប់ដាក់ចេញដោយប្រធានាធិបតីអាមេរិក Donald Trump ។

អាជីវកម្ម និងទំនុកចិត្តរបស់អ្នកប្រើប្រាស់បានរងការវាយប្រហារ ដែលនាំឱ្យមានការខាតបង់យ៉ាងខ្លាំងក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សធំៗទាំង៧ "Magnificent 7"។ ទន្ទឹមនឹងផ្សារភាគហ៊ុន Dow, S និង P 500 និងផ្សារភាគហ៊ុន Nasdaq នៅតែស្ថិតក្រោមសម្ពាធ ក្រុមវិនិយោគិនមានការព្រួយបារម្ភកាន់តែខ្លាំងថា ការកើនឡើងនៃគោលនយោបាយពាណិជ្ជកម្មឯកតោភាគី អាចជំរុញឱ្យសហរដ្ឋអាមេរិកធ្លាក់ចូលទៅក្នុងវិបត្តិសេដ្ឋកិច្ច។

ផ្សារភាគហ៊ុនរបស់ក្រុមហ៊ុន"Magnificent 7" សំដៅទៅលើក្រុមហ៊ុនបច្ចេកវិទ្យាលេចធ្លោចំនួនប្រាំពីរគឺ Apple, Microsoft, Amazon, Alphabet ជាក្រុមហ៊ុនមេរបស់ Google Meta របស់ក្រុមហ៊ុន Facebook ក្រុមហ៊ុន Nvidia, និង Tesla ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនទីផ្សារ។

គិតត្រឹមថ្ងៃទី ១៤ ខែមីនា ដោយប្រៀបធៀបតម្លៃភាគហ៊ុនទាបបំផុត និងខ្ពស់បំផុតនៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Apple បានធ្លាក់ចុះ១៦,២៤ ភាគរយ ភាគហ៊ុនក្រុមហ៊ុន Nvidia ធ្លាក់ចុះ ៣១,៥៨ ភាគរយ Microsoft ធ្លាក់ចុះ១៥,៧៨ ភាគរយ ភាគហ៊ុន Amazonធ្លាក់ចុះ២១៣០ ភាគរយ ភាគហ៊ុនក្រុមហ៊ុន Alphabet ធ្លាក់ចុះ ២១,៩៨ ភាគរយ Tesla ធ្លាក់ចុះ ៥០,៦៤ ភាគរយ និង Meta ធ្លាក់ចុះ២០,៨៥ ។ យោងតាមរបាយការណ៍របស់ទូរទស្សន៍ CNBC នៅថ្ងៃទី ១៤ ខែមីនា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសំខាន់ៗទាំង៧ "Magnificent 7" បានខាតបង់ប្រាក់សរុបចំនួន២,៧ សែនកោដិដុល្លារនៅក្នុងតម្លៃទីផ្សារក្នុងរយៈពេល ៣ សប្តាហ៍ចុងក្រោយនេះ៕