ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃសៅរ៍ ១៥ មីនា ថា "បាល់គឺនៅក្នុងដៃរបស់អ៊ីស្រាអែល" បន្ទាប់ពីបានផ្តល់ការដោះលែងចំណាប់ខ្មាំងជនជាតិអ៊ីស្រាអែលសញ្ជាតិអាមេរិកម្នាក់ និងប្រគល់សាកសព៤នាក់ទៀត ជាផ្នែកនៃកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។

បន្ទាប់ពីការផ្តល់ជូនកាលពីថ្ងៃសុក្រ អ៊ីស្រាអែល បាននិយាយថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ពុំបានផ្លាស់ប្ដូរជំហរទេ ក្រោយសំណើរបស់បេសកជនមជ្ឈិមបូព៌ារបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ។
ដំណាក់កាលទីមួយនៃបទឈប់បាញ់ ដែលបានចាប់ផ្តើមក្នុងខែមករា បានបញ្ចប់កាលពីថ្ងៃទី ១ ខែមីនា ដោយគ្មានកិច្ចព្រមព្រៀងលើជំហានបន្ទាប់។ មន្ត្រីក្រុមហាម៉ាស បាននិយាយថា ការចរចាបានចាប់ផ្តើមនៅទីក្រុងដូហាកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រុមហាម៉ាស បាននិយាយថានៅពេលនេះបាល់គឺនៅក្នុងដៃរបស់អ៊ីស្រាអែល។
លោក Abdul Latif al-Qanou បានប្រាប់សារព័ត៌មាន AFP ដោយចោទប្រកាន់អ៊ីស្រាអែលពីបទពន្យារពេលការអនុវត្តរបស់ខ្លួនថា យើងចង់ពង្រឹងកិច្ចព្រមព្រៀងឈប់បាញ់ និងជំរុញអ៊ីស្រាអែល ដើម្បីអនុវត្តលក្ខខណ្ឌរបស់ខ្លួន ។
លោកបានចង្អុលទៅការបិទជំនួយមនុស្សធម៌ដែលកំពុងបន្ត ចូលក្នុងតំបន់ហ្កាហ្សាចាប់តាំងពីថ្ងៃទី ២ ខែមីនា មក ៕