របាយការណ៍ដែលចេញផ្សាយកាលពីថ្ងៃសុក្រដោយស្ថាប័នពាណិជ្ជកម្ម និងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNCTAD)បានបង្ហាញថា ពាណិជ្ជកម្មសកលបានកើនឡើងដល់កំណត់ត្រា៣៣សែនកោដិដុល្លារក្នុងឆ្នាំ២០២៤ ជាការកើនឡើង៣,៧ ភាគរយពីឆ្នាំ២០២៣ ។

របាយការណ៍ស្តីពីការធ្វើបច្ចុប្បន្នភាពពាណិជ្ជកម្មសកលបាននិយាយថា កំណើននេះត្រូវបានជំរុញដោយសេវាកម្មដែលបានកើនឡើង ៩ ភាគរយ និងស្មើជិត៦០ ភាគរយនៃកំណើនសរុប ដោយបន្ថែមថា កំណើនពាណិជ្ជកម្មលើទំនិញផ្សេងៗបានកើនឡើង២%។

ប្រទេសកំពុងអភិវឌ្ឍន៍មានសេដ្ឋកិច្ចរីកចម្រើនជាងប្រទេសអភិវឌ្ឍន៍ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការនាំចូល និងការនាំចេញកើនឡើង ៤ ភាគរយប្រចាំឆ្នាំនិង ២ ភាគរយនៅក្នុងត្រីមាសទី៤ ។
របាយការណ៍បាននិយាយថា ពាណិជ្ជកម្មក្រៅប្រទេសរបស់ចិន និងឥណ្ឌា ទាំងពីរបានបង្ហាញពីសន្ទុះកំណើនដ៏រឹងមាំនៅក្នុងត្រីមាសទី៤ឆ្នាំ២០២៤ ។
ទន្ទឹមនឹងនោះ ពាណិជ្ជកម្មរបស់ប្រទេសអភិវឌ្ឍន៍បាននៅទ្រឹង ជាមួយនឹងការនាំចូល និងការនាំចេញធ្លាក់ចុះប្រចាំឆ្នាំ និងធ្លាក់ចុះ ២ ភាគរយនៅក្នុងត្រីមាសចុងក្រោយ។
របាយការណ៍នេះបានគូសបញ្ជាក់ពីភាពតានតឹងផ្នែកភូមិសាស្ត្រសេដ្ឋកិច្ច គោលនយោបាយគាំពារនិយម និងជម្លោះពាណិជ្ជកម្មដែលអាចរំខានដល់ពាណិជ្ជកម្មខាងមុខ បើទោះបីជាមានសញ្ញានៃស្ថិរភាពពាណិជ្ជកម្មនៅដើមឆ្នាំ ២០២៥ ក៏ដោយ។យ៉ាងណាក្នុងរបាយការណ៍នោះពុំបាននិយាយពី ជម្លោះពាណិជ្ជកម្ម បង្កឡើងដោយរដ្ឋបាលលោកTrump នៅឆ្នាំ២០២៥នេះទេ។
របាយការណ៍នេះអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការបង្កើតប្លុកពាណិជ្ជកម្មឯកោ និងជៀសវាងការធ្វើឱ្យប៉ះពាល់ដល់កំណើនរយៈពេលវែងដោយការគ្រប់គ្រងការផ្លាស់ប្តូរគោលនយោបាយឱ្យបានត្រឹមត្រូវ៕