នាវាមុជទឹកវាយប្រហារ USS Minnesota របស់សហរដ្ឋអាមេរិក កំពុងបង្ហាញខ្លួននៅក្បែរឆ្នេរសមុទ្រភាគខាងលិចអូស្ត្រាលី ដោយប្រតិបត្តិកររបស់នាវាកំពុងសម្របទៅនឹងដែនទឹកថ្មី ជាទីដែលវត្តមានរបស់នាវាមុជទឹកសហរដ្ឋអាមេរិកមួយនេះនឹងកើនឡើងគួរឱ្យកត់សម្គាល់ក្នុងពេលឆាប់ៗ។

នាវាមុជទឹក USS Minnesota នេះគឺជានាវាទំនើបនាំមុខគេក្នុងចំណោមយានក្រោមទឹក ៤គ្រឿង ដែលនឹងត្រូវរៀបចំឈរជើងនៅឯមូលដ្ឋានទ័ពជើងទឹករដ្ឋវេសស្ទើន អូស្ត្រាលី ចាប់ពីឆ្នាំ២០២៧ តទៅ ក្រោមភាពជាដៃគូរបស់កិច្ចព្រមព្រៀងសន្តិសុខ AUKUS ដើម្បីផ្ទេរសមត្ថភាពនាវាមុជទឹកនុយក្លេអ៊ែរទៅកាន់ប្រទេសអូស្ត្រាលី។

នាវាមុជទឹកនេះអាចមានអាយុកាលប្រតិបត្តិការរហូតដល់ ១០០ ថ្ងៃនៅក្រោមទឹក ហើយអាចទំនាក់ទំនងជាមួយប្រភេទយានដូចគ្នានេះតាមរយៈអ៊ីមែលដើម្បីរក្សាការបំបាំងកាយ។ មេបញ្ជាការនាវា លោក Jeffrey Corneille និយាយថា នាវាមុជទឹកថ្នាក់ Virginia របស់អាមេរិកមួយគ្រឿងនេះគឺជា "នាវាចម្បាំងទំនើបបំផុតនៅក្នុងពិភពលោក"។

ក្រុមមន្រ្តីអូស្រា្តលី និយាយថា បុគ្គលិកកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រហែល ៥០ ទៅ ៨០នាក់ នឹងទៅដល់នៅពាក់កណ្តាលឆ្នាំនេះក្នុងមូលដ្ឋាន HMAS Stirling របស់រដ្ឋវេសស្ទើន អូស្ត្រាលី ក្រោមកញ្ចប់ទឹកប្រាក់ ៥ពាន់លានដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការនោះ។ ក្នុងពេលពីរឆ្នាំខាងមុខ គេនឹងមើលឃើញបុគ្គលិកកងទ័ពជើងទឹកអាមេរិករាប់រយនាក់ និងនាវិកគាំទ្រជាច្រើនដើម្បីដំណើរការនាវា៕