នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុក វុទ្ធី អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក សម្រាប់ផលិតទឹកស្អាតរបស់ក្រុមហ៊ុនលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ស្ថិតក្នុងភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ដោយមានការចូលរួមពីលោកអភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងតំណាងក្រុមហ៊ុនលោកអ្នកឧកញ៉ា លី យ៉ុងផាត់។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ក្រុមការងារក្រសួង បានលើកឡើងអំពីទិដ្ឋភាពច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតម្រូវឱ្យបុគ្គលដែលរៀបចំសំណង់ការងារទឹក និងការយកទឹកមកប្រើប្រាស់សម្រាប់អាជីវកម្ម ត្រូវសុំការអនុញ្ញាតពីក្រសួងធនធានទឹក និងឧតុនិយម។ ទន្ទឹមនឹងនេះ ក្រុមការងារក្រសួង ក៏បានស្នើឱ្យភាគីក្រុមហ៊ុនរៀបចំបែបបទស្នើសុំការអនុញ្ញាត តាមនីតិវិធីច្បាប់ជាធរមាន មកក្រសួងធនធានទឹក និងឧតុនិយម ដោយមានភ្ជាប់មកជាមួយនូវឯកសារបច្ចេកទេសទំនប់ពាក់ព័ន្ធផងដែរ។
សូមបញ្ជាក់ថា គម្រោងសំណង់ស្ទាក់ទឹកសម្រាប់ផលិតទឹកស្អាតនេះមានសមត្ថភាពស្តុកទឹកបានប្រមាណ ៧,២លានម៉ែត្រគូប និងមានផ្ទៃអាងរក្សាទឹកប្រមាណ ៤២,៣០ហិកតា។ ទំនប់មានកម្ពស់ ៣៥ម៉ែត្រ ប្រវែង ២៧០ម៉ែត្រ ជម្រៅទឹកអតិបរិមា ៣៣,៣ម៉ែត្រ។ ទំនប់ស្ទាក់ទឹកសម្រាប់ផលិតទឹកស្អាតនេះ នឹងបម្រើដល់តំបន់សេដ្ឋកិច្ចពិសេស តំបន់លំនៅឋាន និងភូមិឋានប្រជាពលរដ្ឋនៅផ្នែកខាងក្រោម៕





