អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចាត់ទុកវិស័យដឹកជញ្ជូន ឡូជីស្ទិក និងខ្សែច្រវាក់ផ្គត់ផ្គង់ គឺជាឆ្អឹងខ្នង ដ៏សំខាន់ និងជាឃ្នាស់នៃសេដ្ឋកិច្ច តាមរយៈការគាំទ្រដល់សេវាការដឹកជញ្ជូនបម្រើឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មជាដើម។
លោក ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង សន្និបាត និងជំនួបម្ចាស់អាជីវកម្ម ឡូជីស្ទិក នាំចេញ-ចូល និងដឹកជញ្ជូនលើកទី៦ រៀបចំដោយសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែ ច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា នៅចុងសប្តាហ៍កន្លងមកថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិកនេះ រាជរដ្ឋាភិបាលបានបន្ត និងអភិវឌ្ឍ ប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិក បានផ្តោតលើការជំរុញកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោ- បាយ មានភាពប្រទាក់ក្រឡា ទាំងក្នុងប្រទេស និងតំបន់ ព្រោះឡូជីស្ទិកនិងខ្សែច្រវាក់ផ្គត់ផ្គង់គឺជាឆ្អឹងខ្នង និងជាឃ្នាស់នៃសេដ្ឋកិច្ច។
លោក បន្តថា ជុំវិញវឌ្ឍនភាពខាងលើនេះ កម្ពុជាក៏នៅមានបញ្ហាប្រឈមមួយចំនួន ទាំងរដ្ឋ និងឯកជន អំពីបញ្ហាតម្លៃដែល មានលក្ខណៈខ្ពស់ជាងប្រទេសជិតខាង។ លោក ផា អេងវ៉េង បញ្ជាក់ថា បញ្ហានេះឃើញថា រារដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង តាមរយៈ ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា ដែលបានកាត់បន្ថយចំណាយ និងពេលវេលា ក្នុងនោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា ក៏បានកែទម្រង់លើនីតិវិធីមួយចំនួនធំ ដើម្បីចូលរួមចំណែកឡូជីស្ទិកនេះ, ចំណែកវិស័យឯកជន ត្រូវតែខិតខំខ្លួនឯងផងដែរ នៅលើការបញ្ជុះតម្លៃដឹកជញ្ជូននេះ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូននិងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា លើកឡើងផងដែរថា ចំពោះបញ្ហា សេវាតម្លៃនៃការដឹកជញ្ជូនពិតជាសំខាន់ណាស់ ប្រសិនយើងចង់ប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន លុះត្រាណាសេវាដឹក ជញ្ជូនរបស់យើងមានភាពប្រហាក់ប្រហែលគ្នា។ បញ្ហានេះលោករំពឹងថា នៅពេលខាងមុខ វិស័យដឹកជញ្ជូននៅកម្ពុជានឹងអាចស្រុតចុះ បន្ថែមទៀត ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាលបានបង្កើត និងបន្តកែលម្អហេដ្ឋារចនាសម្ព័ន្ធ កំពុងគាំទ្រជាច្រើនដល់វវិស័យដឹកជញ្ជូន, ជាង នេះទៀត ម្ចាស់អាជីវកម្មនៅក្នុងវិស័យដឹកជញ្ជូន ក៏ត្រូវបង្កើនការយល់ដឹងនៃប្រព័ន្ធបច្ចកវិទ្យាឌីជីថលឱ្យបានច្រើន ដើម្បីកាត់បន្ថយ ពេលវេលា និងខ្ទង់ចំណាយផ្សេងៗ។
សូមបញ្ជាក់ថា ជុំវិញវិស័យដឹកជញ្ជូន និងឡូជីស្ទិក បើយោងតាមផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភាកម្មកម្ពុជា ២០២៣-២០៣៣ បានបង្ហាញថា ការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទិកនៅកម្ពុជា នៅពុំទាន់អាចឆ្លើយតបបាន ពេញលេញ និងគ្រប់គ្រាន់ទៅតាមតម្រូវការ ព្រមទាំងជាចលនាកររុញច្រានការវិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ច ជាពិសេសនៅដំណាក់កាល នៃការប្រែក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសចំណូលខ្ពស់។ ក្នុងន័យនេះ ផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា បានដាក់ចេញនូវចក្ខុវិស័យដោយ “បន្តកែលម្អ និងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកដោយផ្តោតលើការជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងអរូបវន្តឆ្ពោះទៅរកការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោ បាយ មានការតភ្ជាប់ខ្ពស់ និងភាពប្រទាក់ក្រឡាទាំងផ្ទៃក្នុងប្រទេស និងជាមួយតំបន់ដែលនឹងបន្តរួមចំណែកជំរុញ និងទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ ព្រមទាំងបំពេញសេចក្តីត្រូវការសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាប័ន្ន៕ អត្ថបទ៖ សុន រ៉ាឌី




