អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបាននិយាយនៅក្នុងសុន្ទរកថាដែលបានចេញផ្សាយនៅថ្ងៃចន្ទ១៧ មីនា សប្ដាហ៍នេះថា ប្រទេសរុស្ស៊ីនឹងស្វែងរកការធានាដ៏ម៉ឺងម៉ាត់បំផុតនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពណាមួយស្តីពីអ៊ុយក្រែនដែលប្រទេសណាតូនឹងដកទីក្រុង Kyiv ចេញពីសមាជិកភាព ហើយថាអ៊ុយក្រែននឹងរក្សាអព្យាក្រឹតភាព។

ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កំពុងព្យាយាមឈ្នះការគាំទ្ររបស់ប្រធានាធិបតី Vladimir Putin សម្រាប់សំណើបទឈប់បាញ់រយៈពេល ៣០ ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន តែលោក Putin និយាយថា ចាំបាច់ត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដើម្បីអាចទទួលយកបាន។

នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Izvestia ដែលមិនបាននិយាយសំដៅលើសំណើបទឈប់បាញ់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Alexander Grushko បាននិយាយថា សន្ធិសញ្ញាសន្តិភាពយូរអង្វែងណាមួយស្តីពីអ៊ុយក្រែនត្រូវតែបំពេញតាមការទាមទាររបស់ទីក្រុងមូស្គូ។

សារព័ត៌មាន Izvestia បានដកស្រង់សម្តីលោក Grushko ថា រុស្ស៊ី នឹងទាមទារឱ្យការធានាសន្តិសុខដ៏ម៉ឺងម៉ាត់បំផុត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ។
ផ្នែកមួយនៃការធានាទាំងនេះគួរតែជាស្ថានភាពអព្យាក្រឹតរបស់អ៊ុយក្រែន ការបដិសេធរបស់ប្រទេសណាតូក្នុងការទទួលយកប្រទេសនេះចូលទៅក្នុងសម្ព័ន្ធភាពដឹកនាំឲ្យអាមេរិកមួយនេះ ។
លោក Grushko ក៏បានបញ្ជាក់ជាថ្មីអំពីជំហររបស់វិមានក្រឹមឡាំងផងដែរ ថាទីក្រុងមូស្គូប្រឆាំងនឹងការដាក់ពង្រាយក្រុមអ្នកសង្កេតការណ៍ណាតូទៅកាន់អ៊ុយក្រែន ស្របពេលចក្រភពអង់គ្លេស និងបារាំង មានបំណងបញ្ជូនកងកម្លាំងរក្សាសន្តិភាពឃ្លាំមើលបទឈប់បាញ់ណាមួយនៅអ៊ុយក្រែន៕