នៅឆ្នាំ២០២៤ កន្លងទៅនេះ ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ សម្រេចតាមផែនការដែលបាន ក្នុងការពង្រឹងគុណភាព សមត្ថភាពប្រយុទ្ធរបស់កងទ័ពក្នុងដំណាក់កាលថ្មី នៃកិច្ចការការពារជាតិមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែមីនានេះ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារហ្វឹកហ្វឺនប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅឆ្នាំ២០២៥ របស់កងយោធពលខេមរភូមិន្ទ ស្ថិតនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។
នៅក្នុងអង្គពិធី នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងថា នៅឆ្នាំ២០២៤ កន្លងទៅ ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទសម្រេចបានជោគជ័យដ៏ធំធេង ក្នុងការឆ្លើយតបតាមសេចក្តីត្រូវការក្នុងការកសាងកងយោធពលខេមរភូមិន្ទ ជាពិសេសពង្រឹងគុណភាព សមត្ថភាពប្រយុទ្ធរបស់កងទ័ពក្នុងដំណាក់កាលថ្មី នៃកិច្ចការការពារជាតិមាតុភូមិ។
នាយឧត្តមសេនីយ៍ បានបន្តថា ការងារហ្វឹកហ្វឺន និងបណ្តុះបណ្តាលវាសំខាន់ណាស់។ យោធិនទាំងអស់មិនបានហ្វឹកហ្វឺន មិនអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារទេ ហើយបើមានការហ្វឹកហ្វឺនមិនបានរៀបចំត្រឹមត្រូវ ក៏ពុំមានគុណភាពដែរ។ ការណ៍នេះ ចាំបាច់ត្រូវស្រុះស្រួលគ្នាទាំងអស់ទើបសម្រេចបានគោលដៅ ដែលបានកំណត់ គឺយោធិនមានសមត្ថភាពពេញលេញ។
លើសពីនេះ នាយឧត្តមសេនីយ៍ ក៍បានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យ វិទ្យាស្ថាន មជ្ឈមណ្ឌល សាលាហ្វឹកហ្វឺន និងអង្គភាពទាំងអស់ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនតាមផែនការហ្វឹកហ្វឺនរបស់គណៈកម្មការហ្វឹកហ្វឺន និងបណ្តុះបណ្តាលកងយោធពលខេមរភូមិន្ទ រហូតសម្រេចបានជោគជ័យតាមផែនការនៅឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២៥នេះ គណៈកម្មការដឹកនាំការងារបណ្តុះបណ្តាល និងហ្វឹកហ្វឺនកងយោធពលខេមរភូមិន្ទ បានដាក់ចេញផែនការសំខាន់ៗដូចជា៖ ជំរុញការងារហ្វឹកហ្វឺនបណ្តុះបណ្តាល និងបំប៉នយោធិនគ្រប់ថ្នាក់ គ្រប់ជំនាញ តាមបណ្តាគ្រឹះស្ថានសិក្សាយោធា អង្គភាព តាមសេចក្តីត្រូវការរបស់កងយោធពលខេមរភូមិន្ទ ដោយយកចិត្តទុកដាក់ពង្រឹងគុណភាពហ្វឹកហ្វឺនឱ្យស្របតាមបច្ចេកវិទ្យាទំនើបកម្មយោធានាពេលបច្ចុប្បន្ន និងគោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ គឺទំនើបកម្ម គ្រឹះស្ថានសិក្សាយោធា យោធាចារ្យ ឯកសារ សម្ភារៈសិក្សាឈានទៅកាត់បន្ថយការហ្វឹកហ្វឺននៅក្រៅប្រទេស និងម្ចាស់ការជាបណ្តើរៗ សម្រាប់ការហ្វឹកហ្វឺនក្នុងប្រទេសជាសំខាន់ និងបន្តកែសម្រួលប្រព័ន្ធហ្វឹកហ្វឺនគ្រឹះស្ថានសិក្សាយោធាជាដើម។ អត្ថបទ៖ទូច សោភ័ណ ថត៖សំរិទ្ធ សួស្តី រូបភាព៖ឥត សារ៉ាត់



