ប្រទេសកូរ៉េខាងជើងនៅថ្ងៃចន្ទសប្ដាហ៍នេះ បានរិះគន់ក្រុមអ្នកការទូតជាន់ខ្ពស់នៃបណ្តាក្រុមប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងទាំងប្រាំពីរ គឺ G7 ដែលបានអំពាវនាវឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលអាវុធនុយក្លេអ៊ែររបស់ខ្លួន ស្របពេលប្រទេសឯកោមួយនេះ គំរាមពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនជាលំដាប់ ទាំងគុណភាព និងបរិមាណ។

បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុង ឡា ម៉ាល់បៃ (La Malbaie) ប្រទេសកាណាដា ក្រុមរដ្ឋមន្ត្រីការបរទេស G7 បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ ដែលអំពាវនាវឱ្យកូរ៉េខាងជើងបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន ហើយថ្កោលទោសជំនួយយោធារបស់ខ្លួនដើម្បីគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ក្រសួងការបរទេសកូរ៉េខាងជើង បានរិះគន់សកម្មភាពរបស់ក្រុមប្រទេស G7 ចំពោះការយកបញ្ហាទៅឡូកឡំជាមួយការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ដោយនិយាយថា G7 ផ្តោតលើការរីកសាយអាវុធនុយក្លេអ៊ែរខុសច្បាប់ និងព្យាបាទ ក្រោមលេសនៃការចែករំលែកនុយក្លេអ៊ែរ ឬផ្តល់នូវការទប់ស្កាត់បន្ថែម នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ។

ក្រសួងដដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយធ្វើឡើងដោយ KCNA ថា ក្រុមប្រទេសG7 ដែលបានប្រែក្លាយទៅជាក្រុមឧក្រិដ្ឋជននុយក្លេអ៊ែរ និងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោក គួរតែបោះបង់ចោលមហិច្ឆតាអនាធិបតេយ្យរបស់ខ្លួនសម្រាប់អនុត្តរភាពនុយក្លេអ៊ែរ មុនពេលនិយាយអំពីការរំសាយ និងលុបបំបាត់អាវុធនុយក្លេអ៊ែរ។
កូរ៉េខាងជើងបាននិយាយថា ឋានៈរបស់ប្រទេសជារដ្ឋនុយក្លេអ៊ែរ ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ នឹងមិនផ្លាស់ប្តូរឡើយ ទោះជាពិភពលោកខាងក្រៅទទួលស្គាល់ ឬអត់ក៏ដោយ។
ក្រសួងខាងលើបាននិយាយថា ប្រទេសកូរ៉េខាងជើងនឹងអភិវឌ្ឍន៍សមត្ថភាពជាលំដាប់ និងពង្រឹងកងកម្លាំងប្រដាប់អាវុធនុយក្លេអ៊ែររបស់ខ្លួនទាំងគុណភាព និងបរិមាណ ដើម្បីឆ្លើយតបការគំរាមកំហែងដោយនុយក្លេអ៊ែរពីខាងក្រៅ ដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ក្នុងស្រុកផ្សេងទៀត៕