ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថាបាន "អូសបន្លាយសង្រ្គាម" និង "មិនអើពើ" ចំពោះកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីយល់ព្រមលើបទឈប់បាញ់មួយ ដែលជាជំហានដំបូងឆ្ពោះទៅការបញ្ចប់ជម្លោះ ៣ឆ្នាំរវាងទីក្រុងមូស្គូ និងអ្នកជិតខាងរបស់ខ្លួន។

ប៉ុន្មានសប្តាហ៍ថ្មីៗនេះគេបានឃើញទីក្រុងគីវ និងទីក្រុងមូស្គូ ចោទដាក់គ្នាទៅវិញទៅមកថាជាឧបសគ្គចម្បងសម្រាប់សន្តិភាព ក្នុងបំណងដើម្បីទទួលបានការគាំទ្រពីលោកប្រធានាធិបតីអាមេរិក Donald Trump ដែលកំពុងអំពាវនាវឱ្យមានសន្តិភាព ខណៈសេតវិមានជំរុញយ៉ាងខ្លាំងក្លាឱ្យបញ្ចប់ជម្លោះ។

លោក Zelenskyy កាលពីថ្ងៃសៅរ៍ (១៥ មីនា) បានរាយការណ៍ពីការប្រមូលផ្តុំកងទ័ពរុស្ស៊ី នៅតាមបណ្តោយព្រំដែនជាមួយតំបន់ Sumy ភាគខាងកើតអ៊ុយក្រែន ដោយនិយាយថា "នេះបង្ហាញពីចេតនាវាយប្រហារ ហើយច្បាស់ណាស់ថា រុស្ស៊ីកំពុងអូសបន្លាយសង្រ្គាម ខណៈអ៊ុយក្រែន ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ឱ្យដៃគូនូវព័ត៌មានពិតទាំងអស់ពីស្ថានភាពនៅជួរមុខ Kursk និងនៅតាមព្រំដែននានា"។

ការប្រយុទ្ធយ៉ាងស្វិតស្វាញ និងការវាយប្រហាររយៈចម្ងាយឆ្ងាយនៅតែបន្ត ទោះបីជាមានការជំរុញសន្តិភាពរបស់អាមេរិកក៏ដោយ។ កាលពីសប្តាហ៍មុន អ្នកចរចាអ៊ុយក្រែន និងអាមេរិក បានព្រមព្រៀងបទឈប់បាញ់ ៣០ ថ្ងៃ ប៉ុន្តែទីក្រុងមូស្គូ ហាក់មិនសូវប្តេជ្ញាចិត្តលើរឿងនេះទេ ដោយលោក Putin បាននិយាយថា លោក "គាំទ្រ" កិច្ចព្រមព្រៀងនេះ ប៉ុន្តែក៏បានកំណត់លក្ខខណ្ឌបន្ថែមទៀតលើផែនការសន្តិភាពនេះ៕