
ភ្នំពេញ៖ លោកស្រី ក្លូឌៀ ដឺឡា ហ្វុងតេ មន្ត្រីអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា។ ការលើកឡើងរបស់លោកស្រី Cludia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) អនុប្រធានតំណាងនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) បែបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងសិក្ខាសាលាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិលលើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រ ព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ដែលសិក្ខាសាលានេះសហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR)។ សិក្ខាសាលាពិគ្រោះយោបល់នេះ ធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធនានា ដើម្បីធានាបាននូវតម្លាភាព និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។
ឯកឧត្តម ជេត ជាលី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានមានប្រសាសន៍ថា ដើម្បីឱ្យការគោរពសិទ្ធិមនុស្សនៅកម្ពុជាកាន់តែមានប្រសិទ្ធិភាព និងការយកចិត្តទុកដាក់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីសិទ្ធិមនុស្ស ទើបអនុញ្ញាតឱ្យគណៈកម្មាធិការសិទ្ធិមនុ ស្សកម្ពុជា ធ្វើសេចក្តីព្រាងនេះឡើង។ សេចក្តីព្រាងច្បាប់នេះបានរៀបចំធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង Asia Pacific Forum (APF) ដែលមានទីតាំងនៅអូស្ត្រាលី។
ក្នុងសិក្ខាសាលានេះដែរ លោកស្រី Cludia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) អនុប្រធានតំណាងនៃឧ ត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(OHCHR) បានគាំទ្រ និងប្ដេជ្ញាបន្តសហការជាមួយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងការរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាផងដែរ៕ ដោយ៖ គង់ ឌិន







