ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងប្រធានគណបក្សខ្មែរតែមួយ បានគត់សម្គាល់ឃើញថា មេដឹកនាំជ្រុលនិយមនៅក្រៅស្រុក គឺជាអ្នកនយោបាយកេញចំណេញតាមពីក្រោយព្រឹត្តិការណ៍អន្តរជាតិនានា ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន។

តាមរយៈកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BTV ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថានភាពប្រទេសកម្ពុជាកំពុងមានស្ថិរភាពនយោបាយ ចរន្តសេដ្ឋកិច្ចមានសន្ទុះកើនឡើងជាបន្តបន្ទាប់ ទោះបីជាបច្ចុប្បន្ននេះប្រទេសមហាយក្សពិភពលោកកំពុងប្រកួតប្រជែងលើសេដ្ឋកិច្ចក៏ដោយ។ ផ្ទុយពីអ្វីដែលមេដឹកនាំជ្រុលនិយម និងបក្សពួករបស់ពួកគេ ញុះញង់ បំភ្លៃព័ត៌មានមកលើរាជរដ្ឋាភិបាល។
ឯកឧត្តម ប៉ែន បូណា បញ្ជាក់ថា មនោគមវិជ្ជារបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកមួយក្ដាប់តូចតែងតែញុះញង់ប្រឆាំងនឹងសន្តិភាពរបស់កម្ពុជា និងប៉ុនប៉ង់ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជាច្របូកច្របល់ ដែលផ្ទុយគ្នាស្រឡះពីរដ្ឋាភិបាលបានខិតខំកសាងប្រទេសជាតិ និងការពារសុខសន្តិភាពជូនប្រជាជន។

ចំណែកលោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ កត់សម្គាល់ឃើញថា ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចប្រទេសកម្ពុជាកាន់តែប្រសើរឡើង ដែលខុសពីការលើកឡើងរបស់អ្នកនយោបាយជ្រុលនិយម ដែលធ្វើនយោបាយមិនបម្រើផលប្រយោជន៍ប្រទេសជាតិ និងតែងតែយកព្រឹត្តិការណ៍ផ្សេងៗមកផ្សារភ្ជាប់ដើម្បីកេងចំណេញនយោបាយ។
បើតាមឯកឧត្តម ប៉ែន បូណា រនៅនីតិកាលទី៧នេះ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដែលជាយុទ្ធសាស្រ្តមួយមានការគាំទ្រ និងកោតសរសើរពីបណ្តាថា្នក់ដឹកនាំនានាលើពិភពលោក ជាយុទ្ធសាស្រ្តមួយដែលល្អត្រឹមត្រូវនឹងឆ្លើយតបបានគ្រប់បែបយ៉ាងទៅនឹងសេចក្តីត្រូវការរបស់ប្រជាជនក៏ដូចជាគោលដៅអភិវឌ្ឍន៍នានារបស់អង្គការសហប្រជាជាតិ៕ អត្ថបទ៖ វ៉ន ដារ៉ា