ក្រុមហ៊ុនសូហ្វវែរ Oracle កំពុងពន្លឿនការពិភាក្សាជាមួយសេតវិមាន លើកិច្ចព្រមព្រៀងមួយដើម្បីទិញយកប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ទោះបីជាក្ដីបារម្ភសំខាន់ៗនៅតែមានអំពីតួនាទីរបស់ស្ថាបនិកចិនលើកម្មវិធីវីដេអូខ្លីនេះក្នុងទឹកដីអាមេរិកក៏ដោយ នេះបើយោងតាមប្រភពដែលដឹងពីកិច្ចពិភាក្សានេះ។

លោកប្រធានាធិបតី Donald Trump បានបញ្ជាឱ្យអនុប្រធានាធិបតីអាមេរិក លោក JD Vance និងទីប្រឹក្សាសន្តិសុខជាតិ លោក Mike Waltz បំពេញភារកិច្ចក្នុងការបង្កើតកិច្ចព្រមព្រៀងនាំយក TikTok មកនៅក្រោមភាពជាម្ចាស់របស់សហរដ្ឋអាមេរិក ហើយមន្រ្តីទាំងពីររូបកំពុងនាំមុខក្នុងការចរចា ខណៈប្រភពបានពណ៌នាការពិភាក្សារបស់សេតវិមាននេះថាស្ថិតក្នុងដំណាក់កាលជឿនលឿន ស្របពេលដែលក្របខណ្ឌនៃកិច្ចព្រមព្រៀងមួយនឹងអាចចងក្រងរួចរាល់នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះ។

ដំណឹងនេះកើតឡើងស្របពេលមានការព្រមានជាបន្តបន្ទាប់ពីសមាជិកសភាបក្សសាធារណៈរដ្ឋ និងអ្នកប្រកាន់ជំហរតឹងលើចិនដទៃទៀតថា កិច្ចព្រមព្រៀងកម្មសិទ្ធិថ្មីត្រូវតែដោះស្រាយកង្វល់សន្តិសុខជាតិរបស់អាមរិក។ ប្រភពប្រាប់ថា សមាជិកសភាសំខាន់ៗ រួមទាំងអ្នកសាធារណរដ្ឋដែលពាក់ព័ន្ធ កំពុងនិយាយជាមួយ Oracle ក្នុងសប្តាហ៍នេះ ពីកិច្ចព្រមព្រៀងដែលអាចកើតមាន ហើយក៏លើកឡើងពីកង្វល់សន្តិសុខជាតិផងដែរ។

ប្រភពបន្តថា កិច្ចព្រមព្រៀងណាមួយនឹងតម្រូវឱ្យរដ្ឋាភិបាលអាមេរិក ពឹងផ្អែកលើក្រុមហ៊ុន Oracle ដើម្បីត្រួតពិនិត្យទិន្នន័យរបស់អ្នកប្រើប្រាស់អាមេរិក និងធានាថាមិនឱ្យមានការពាក់ព័ន្ធរបស់រដ្ឋាភិបាលចិន ខណៈប្រភពបានព្រមានថា នោះជាការសន្យាដែលពិបាកនឹងរក្សាបាន៕