ក្រសួងសុខាភិបាលនៃតំបន់ហ្កាហ្សា និងក្រុមគ្រូពេទ្យប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអាទិត្យ (១៦ មីនា) ថា ការវាយប្រហារថ្មីៗដោយយោធាអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥នាក់នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ ខណៈក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីបន្តបទឈប់បាញ់ដ៏ផុយស្រួយរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

ក្រុមមន្ត្រីប៉ាឡេស្ទីន និយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី១៩ ខែមករា ដែលបានបញ្ឈប់ការប្រយុទ្ធទ្រង់ទ្រាយធំនៅតំបន់ហ្កាហ្សាក៏ដោយ។

អាជ្ញាធរហ្កាហ្សានិយាយថា ភាគច្រើននៃការស្លាប់ចុងក្រោយបំផុតគឺនៅថ្ងៃសៅរ៍ នៅពេលដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩នាក់ រួមទាំងអ្នកកាសែត ៤នាក់នៅក្នុងទីក្រុង Beit Lahiya ភាគខាងជើងហ្កាហ្សាស្ទ្រីប។

យោធាអ៊ីស្រាអែលនិយាយថា កងកម្លាំងរបស់ខ្លួនបានធ្វើអន្តរាគមន៍ដើម្បីរារាំងការគំរាមកំហែងដោយ "ភេរវករ" ដែលចូលទៅជិតកងទ័ពរបស់ខ្លួន ឬកំពុងបង្កប់គ្រាប់បែក ចាប់តាំងពីបទឈប់បាញ់ចូលជាធរមានមក។ យោធាអ៊ីស្រាអែលបន្តថា បុរស ៦នាក់ដែលកំណត់អត្តសញ្ញាណជាសមាជិកនៃស្លាបប្រដាប់អាវុធនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធជីហាតអ៊ីស្លាមដែលជាសម្ព័ន្ធមិត្ត ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ៕