លោក បណ្ឌិត អាធីត អ៊ុរៃរ៉ាត់ សាកលវិទ្យាធិការប្រចាំសាកលវិទ្យាល័យរាំងស៊ីតរបស់ថៃ លោកបណ្ឌិតអាធីត អតីតរដ្ឋមន្ត្រីការបរទេស និងអតីតប្រធានរដ្ឋសភាពរបស់ប្រទេសថៃ បានសន្យាជួយបណ្តុះបណ្តាល ធនធានមនុស្ស ជាពិសេស គឺជំនាញវិស័យទេសចរណ៍ដល់កម្ពុជាបន្ថែមទៀត ខណៈវិស័យទេសចរណ៍គឺជាសក្តានុពល ដ៏មហាសាលក្នុងការជំរុញខឿនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ឲ្យកាន់តែល្អប្រសើបន្ថែម ទៀតនោះ។
នៅក្នុងកិច្ចជំនួបជាមួយ លោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ កាលពីម្សិលមិញនៅទីក្រុងបាងកកប្រទេសថៃ លោក អាធីត អ៊ុរៃរ៉ាត់ បានលើកឡើងថា ប្រទេសកម្ពុជាគឺជាប្រទេសមានអរិយធម៌ និងវប្បធម៌សម្បូរបែប កន្លែងទេសចរណ៍ស្ទើតែគ្រប់រាជធានី-ខេត្ត ហើយមានប្រាសាទបូរាណដ៏ល្បីៗជាច្រើននៅលើសកលលោកផង ដែរ ដូច្នេះសាកលវិទ្យាល័យរបស់លោក សូមស្វាគមន៍ជានិច្ចក្នុងការទទួលយកមន្រ្តី និងសិស្សនិស្សិតរបស់កម្ពុជា ដើម្បីមកបណ្តុះបណ្តាលបន្ថែមលើជំនាញទេសចរណ៍ និងវិស័យមួយចំនួនទៀតនោះ។
ជាមួយគ្នានោះដែរ លោកសាកលកវិទ្យាធិការក៏បានប្រៀបធៀបប្រទេសថៃ និងប្រទេសកម្ពុជាថា មានសិល្បៈវប្បធម៌ និងអរិយធម៌ដូចគ្នាផងដែរ ហើយមួយវិញទៀត ភាពអច្ឆរិយៈអង្គរវត្ត របស់កម្ពុជាគឺជាវប្បធម៌ដ៏អស្ចារ្យបំផុតនៅលើសកលលោក ហើយបើប្រៀបធៀបជាមួយទីក្រុងរ៉ូមរបស់ក្រិក និងមហាកំផែងចិន លោកគិតថា ស្ថាបត្យកម្មទាំងនេះមិនអាចប្រៀបប្រដូចទៅអង្គរវត្តរបស់កម្ពុជា បាននោះឡើយ ហើយភាពអច្ឆរិយៈ នៃអង្គរវត្តនេះប្រៀបដូចនឹងការផ្សារភ្ជាប់ជាមួយឋានសួគ៌ ទៅនិងជាមួយមនុស្សលោកយើងយ៉ាងដូច្នេះដែរ។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ លោក សុខ សុក្រឹត្យា បានថ្លែងអំណរអគុណចំពោះ លោកអាធីត អ៊ុរៃរ៉ាត់ ដែលបានសន្យាជួយបណ្តុះបណ្តាលផ្នែកធនធានមនុស្សដល់កម្ពុជា ក្រោយពីមានការស្នើសុំរបស់ លោក ហើយថា ប្រទេសកម្ពុជា និងសាកលវិទ្យាល័យរាំងស៊ីតរបស់ថៃ នឹងទទួលបាននូវផលប្រយោជន៍រួមគ្នាក្នុងថ្ងៃអនាគត។
នៅក្នុងកិច្ចជំនួបនោះដែរ លោក សុខ សុក្រឹត្យា ក៏បានជំរាបដល់លោកអាធីត អ៊ុរៃរ៉ាត់ អំពីគោល នយោបាយចាក់វ៉ាក់សាំងបង្ការកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋរបស់ខ្លួនទទួលបាន ជោគជ័យយ៉ាងធំធេងលើសការគ្រោងទុក ដោយរហូតដល់បើកដំណើរការសេដ្ឋកិច្ចប្រទេសឡើងវិញផងដែរ៕ អត្ថបទ៖បាន ចក់








