មន្ត្រីឧតុនិយមប្រទេសជប៉ុន បាននិយាយថា ប្រព័ន្ធសម្ពាធទាបដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សកំពុងធ្វើឱ្យមានកម្លាំងខ្យល់បក់ខ្លាំងនៅទូទាំងប្រទេស ដោយនាំមកនូវខ្យល់ព្យុះ និងព្រិល ទៅកាន់តំបន់ជាច្រើន តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក នៅកោះហុកកៃដូ។ ទីភ្នាក់ងារឧតុនិយមជប៉ុន កំពុងអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះការរំខានចរាចរណ៍ បណ្តាលមកពីព្រិលធ្លាក់ ខ្យល់បក់ខ្លាំង និងរលកខ្ពស់ៗ។

នៅព្រឹកថ្ងៃចន្ទនេះ ល្បឿនខ្យល់បក់អតិបរិមា ត្រូវបានកត់ត្រា មានល្បឿនប្រហែល១៤៧គីឡូម៉ែត្រ ក្នុងមួយម៉ោងនៅក្រុង Cape Erimo និងប្រហែល១០០គីឡូម៉ែត្រក្នុងមួយម៉ោងនៅក្រុង Nemuro ដែល ក្រុងទាំងនេះស្ថិតនៅក្នុងខេត្តភាគខាងជើងនៃកោះហុកកៃដូ។

ប្រព័ន្ធសម្ពាធទាប ត្រូវបានគេព្យាករថានឹងបន្តកើនឡើង ដោយនាំមកនូវខ្យល់បក់ខ្លាំងរួមជាមួយព្រិលធ្លាក់នៅក្នុងតំបន់ជាច្រើន តាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងជើងប្រទេសជប៉ុន។
មន្ត្រីអាកាសធាតុ បានអំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្នចំពោះព្យុះ ព្យុះទឹកកក គំនរទឹកកក ការរំខានចរាចរណ៍ ដែលបង្កឡើងដោយព្រិលធ្លាក់ខ្លាំង ព្យុះ និងរលកខ្ពស់ៗ ហើយក៏កំពុងជំរុញប្រជាជននៅកោះហុកកៃដូ ឱ្យប្រុងប្រយ័ត្នចំពោះទឹកជំនន់ផងដែរ ខណៈព្រិលធ្លាក់ខ្លាំងក៏បានធ្វើឲ្យប៉ះពាល់ដល់ការធ្វើដំណើរតាមផ្លូវអាកាស រួចហើយ។