សកម្មជនសិទ្ធិមនុស្សហ្វីលីពីនរាប់សិបនាក់ បានចេញធ្វើបាតុកម្មនៅជិតវិមានប្រធានាធិបតី ក្នុងទីក្រុងម៉ានីល នៅថ្ងៃចន្ទនេះ ដើម្បីជំរុញឱ្យរដ្ឋាភិបាលហ្វីលីពីន ចូលរួមជាថ្មីជាមួយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បន្ទាប់ពីការកាត់ទោសអតីតប្រធានាធិបតី លោក Rodrigo Duterte នៅទីក្រុងឡាអេ ប្រទេសហូឡង់។

ប្រទេសហ្វីលីពីន គឺជាសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០១៩ នៅពេលដែលប្រទេសនេះបានដកខ្លួនពីសមាជិកភាពជាផ្លូវការ។ នៅក្រោមលក្ខន្តិកៈទីក្រុងរ៉ូម បង្កើតតុលាការនេះឆ្នាំ១៩៩៨ ទោះបីជារដ្ឋណាមួយដកខ្លួនចេញពីសមាជិកក៏ដោយ តុលាការនៅតែរក្សាយុត្តាធិការលើបញ្ហាឧក្រិដ្ឋកម្មនៅក្នុងយុត្តាធិការរបស់ខ្លួន ដែលបានប្រព្រឹត្តក្នុងអំឡុងពេលជាសមាជិកភាព។

កាលពីថ្ងៃសុក្រ ទី១៤ ខែមីនា សប្តាហ៍មុន លោក Duterte បានបង្ហាញខ្លួនជាលើកដំបូងរបស់លោក តាមរយៈតំណភ្ជាប់វីដេអូនៅមុខតុលាការ ICC ជាកន្លែងដែលលោកប្រឈមនឹងការចោទប្រកាន់ពីបទមនុស្សឃាត ផ្តើមចេញពីយុទ្ធនាការ «សង្គ្រាមប្រឆាំងគ្រឿងញៀន» របស់លោក ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសហ្វីលីពីន ក្នុងអំឡុងពេលអាណត្តិជាប្រធានាធិបតី។
លោក Duterte ដែលបានដឹកនាំប្រទេសហ្វីលីពីន ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ត្រូវបានកំណត់ថាជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេដែលត្រូវទៅកាត់ទោសនៅតុលាការ ICC ជាតុលាការត្រូវបានបង្កើតឡើងជាង២ទសវត្សរ៍មកហើយ ដើម្បីកាត់ទោសបុគ្គលសម្រាប់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ការឈ្លានពាន និងអំពើប្រល័យពូជសាសន៍។