ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ច្បាស់ៗជាថ្មីនៅថ្ងៃអាទិត្យ (១៦ មីនា) ថា លោកនឹងមិនបង្កើតការលើកលែងពន្ធលើដែកថែប និងអាលុយមីញ៉ូមនោះទេ បន្ទាប់ពីពន្ធបន្ថែមបានចូលជាធរមានកាលពីសប្ដាហ៍មុន ហើយបាននិយាយថា ការដំឡើងពន្ធបដិការ ឬពន្ធតម្រូវឱ្យត្រូវគ្នាទៅមកលើគ្រប់ប្រទេសទាំងអស់ នឹងត្រូវដាក់នៅថ្ងៃទី០២ ខែមេសា ខាងមុខនេះ។
គួរឱ្យដឹងថា កាលពីខែមុន លោក Trump បានដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមទាំងអស់ចូលទឹកដីសហរដ្ឋអាមេរិក ដល់កម្រិត ២៥% ដោយពុំមានការលើកលែង ឬការបន្ធូរបន្ថយឡើយ នៅក្នុងជំហានមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ឧស្សាហកម្មអាមេរិក ខណៈពេលដែលរួមចំណែកបង្កើនភាពក្ដៅគគុកនៃសង្រ្គាមពាណិជ្ជកម្មដ៏តានតឹង។

ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក Trump បាននិយាយថា ពន្ធកាតព្វកិច្ចទៅវិញទៅមក ឬពន្ធបដិការលើដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក នឹងមកដំណាលគ្នាជាមួយនឹងការដំឡើងពន្ធលើរថយន្តផងដែរ ដោយព្រមានថា ពន្ធលើរថយន្ត ដែកថែប អាលុយមីញ៉ូម ក៏អាចនឹងត្រូវបានបន្ថែមមួយចំនួនទៀតផងដែរ។
លោក Trump ធ្លាប់បាននិយាយពីមុនរួចហើយថា លោកនឹងដាក់ពន្ធបដិការទាំងលើសម្ព័ន្ធមិត្ត និងសត្រូវរបស់អាមេរិក នៅដើមខែមេសា ខាងមុខនេះ ដោយពុំមានការលើកលែងនោះទេ៕

