ប្រទេសលីទុយអានី កាលពីថ្ងៃអាទិត្យ (១៦ មីនា) បានសម្ដែងការគាំទ្រលើសំណើរបស់សហភាពអឺរ៉ុប ដើម្បីសន្យាផ្តល់ជំនួយយោធាទ្វេដងដល់ទៅ ៤០ពាន់លានអឺរ៉ូ (៤៣,៥ ពាន់លានដុល្លារ) សម្រាប់អ៊ុយក្រែននៅឆ្នាំនេះ ហើយបាននិយាយថា តួលេខស្រដៀងគ្នានេះក៏នឹងត្រូវការផងដែរនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយរបស់រុស្ស៊ី នាពេលអនាគត។
រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Kestutis Budrys បានប្រាប់សារព័ត៌មានរ៉យទ័រថា "ប្រសិនបើគេអាចរក្សាបាននូវតួលេខនេះសម្រាប់រយៈពេលយូរ នោះអាចអនុញ្ញាតឱ្យអ៊ុយក្រែន បន្តរក្សាកងកម្លាំងប្រដាប់អាវុធរបស់ពួកគេឱ្យនៅរឹងមាំ"។

លោក Budrys បានលើកឡើងបែបនេះនៅមុនថ្ងៃនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល ដែលនឹងពិភាក្សាពីសំណើបង្កើនជំនួយ ដែលដាក់ចេញដោយសេវាការទូតរបស់ប្លុកនេះ ដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas។
កិច្ចប្រជុំនេះកើតឡើងស្របពេលភាពមិនច្បាស់លាស់ពីលទ្ធផលនៃកិច្ចចរចាសន្តិភាពរបស់សហរដ្ឋអាមេរិក ជាមួយរុស្ស៊ី ព្រមទាំងអនាគតនៃជំនួយរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ុយក្រែន និងការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសន្តិសុខអឺរ៉ុប៕

