ក្រសួងការពារជាតិរបស់ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ក្រុមហេសបូឡា នៅប្រទេសលីបង់ថា បានចាប់ពង្រត់ទាហាន បីនាក់ ទៅកាន់ប្រទេសលីបង់ ហើយបានសម្លាប់ពួកគេនៅទីនោះ ខណៈដែលក្រុមនេះ បានបដិសេធថា មិនមានជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចគ្នានោះទេ។
ទីភ្នាក់ងារសារព័ត៌មាន SANA បានដកស្រង់សម្តីក្រសួងការពារជាតិដែលបាននិយាយថា៖«ក្រុមមួយមកពីកងជីវពលហេសបូឡាបានចាប់ពង្រត់សមាជិកបីនាក់នៃកងទ័ពស៊ីរី នៅតាមព្រំដែនស៊ីរី-លីបង់... មុនពេលនាំពួកគេទៅកាន់ទឹកដីលីបង់ និងបានសម្លាប់ពួកគេតែម្តង»។
ទន្ទឹមនឹងនេះដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហេសបូឡាហ៍ បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការប៉ះទង្គិចជាមួយកងកម្លាំងសន្តិសុខស៊ីរី ឬនៅក្នុងទឹកដីស៊ីរី។
ក្រុមនេះ បាននិយាយថា ខ្លួនបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការទាក់ទងនឹងព្រឹត្តិការណ៍ ដែលបានកើតឡើង នៅព្រំដែនលីបង់-ស៊ីរី។
ក្រុមនេះបានបន្ថែមថា ខ្លួនបានបញ្ជាក់ជាថ្មីនូវការប្រកាសពីមុនរបស់ខ្លួន ដែលថា ក្រុមហេសបូឡា មិនមានទំនាក់ទំនងនឹងព្រឹត្តិការណ៍ណាមួយ ក្នុងទឹកដីស៊ីរីនោះទេ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់ NNA បានរាយការណ៍ថា គ្រាប់រ៉ូកែតជាច្រើនគ្រាប់ ដែលបាញ់ចេញពីទឹកដីស៊ីរី បានធ្លាក់ចូលទៅក្នុងភូមិ Qasr របស់ប្រទេសលីបង់ ក្បែរព្រំដែន។