នាយករដ្ឋមន្ត្រីបារាំង លោក François Bayrou ជឿជាក់ថា អឺរ៉ុបត្រូវតែរៀបចំសម្រាប់សង្គ្រាមពាណិជ្ជកម្មដ៏មានសក្តានុពល ជាមួយសហរដ្ឋអាមេរិក។
លោក Bayrou បាននិយាយនៅលើបណ្តាញទូរទស្សន៍ France Info TV ថា៖«យើងចាំបាច់ត្រូវរៀបចំឲ្យ បានហ្មត់ចត់មិនត្រឹមតែឆ្លើយតបទៅនឹងការគំរាមកំហែងផ្នែកយោធាប៉ុណ្ណោះទេ ថែមទាំងសង្គ្រាមពាណិជ្ជកម្មផងដែរ។ ការដាក់ចេញនូវការយកពន្ធគយ គំរាមកំហែងទាំងផលិតផលរបស់យើង និងទំនិញរបស់ អាមេរិក»។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី បានបង្ហាញទស្សនៈថា អឺរ៉ុប និងអាមេរិក នៅតែមានឱកាសដោះស្រាយស្ថានការណ៍នេះ តាមរយៈការចរចា។ លោក Bayrou បានបញ្ជាក់ថា៖«មានសេចក្តីថ្លែងការណ៍រួមទាំងសារពី[ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald] Trump) ប៉ុន្តែមិនទាន់មានដំណោះស្រាយចុងក្រោយណាមួយ ត្រូវបានឈានដល់នៅឡើយទេ» ។ «សង្រ្គាមពាណិជ្ជកម្ម គឺជាមធ្យោបាយចុងក្រោយ»។
នាពេលមុននេះ លោកBayrou បានលើកឡើងថា ការដំឡើងពន្ធរបស់អាមេរិកលើស្រាអឺរ៉ុប និងផលិតផលគ្រឿងស្រវឹងផ្សេងទៀតពីសហភាពអឺរ៉ុប (EU) នឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។
កាលពីថ្ងៃទី ១៣ ខែមីនា លោក ត្រាំ បាននិយាយនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា ទីក្រុងវ៉ាស៊ីនតោន អាចកំណត់ពន្ធ ២០០% លើភេសជ្ជៈមានជាតិអាល់កុលរបស់សហភាពអឺរ៉ុប រួមទាំងស្រាផងដែរ ប្រសិនបើសហភាពអឺរ៉ុប មិនដកពន្ធលើស្រាវីស្គីរបស់អាមេរិកនោះទេ។