អឺរ៉ុប៖ ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយថា ការដាក់បម្រាមធ្វើដំណើរជាបន្ទាន់គឺចាំបាច់ ដើម្បីទប់ស្កាត់ការរាលដាលវីរុសបម្លែងខ្លួនថ្មីនៃវីរុស COVID-19 ខណៈដែលប្លុកដែលមានប្រទេសចំនួន ២៧ មួយនេះកំពុងប្រយុទ្ធប្រឆាំងទៅនឹងការកើនឡើងករណីឆ្លង។

ការផ្អាកដែលបានស្នើឡើងដែលលោកស្រី von der Leyen បាននិយាយថា ការផ្អាកនឹងធ្វើឡើងរហូតដល់យើងដឹងច្បាស់លាស់ អំពីគ្រោះថ្នាក់បង្កឡើងដោយវីរុសបម្លែងខ្លួនថ្មីនេះ។ លោកស្រីបានទទូចឲ្យមានការប្រុងប្រយ័ត្នខ្លាំងបំផុត។ លោកស្រីនិយាយថា យើងដឹងថា ការប្រែប្រួលអាចនាំឱ្យមានការលេចឡើង និងការរីករាលដាលនៃវីរុសទាក់ទងទៅនឹងវីរុសបម្លែងខ្លួនថ្មី ដែលអាចរាលដាលទូទាំងពិភពលោកក្នុងរយៈពេលពីរបីខែខាងមុខ។ អ្នកវិទ្យាសាស្ត្រនិយាយថា វីរុសបម្លែងខ្លួនថ្មីដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង គឺជាការព្រួយបារម្ភមួយដោយសារតែចំនួននៃការប្រែប្រួលរបស់វាខ្ពស់ និងរាលដាលបានយ៉ាងឆាប់រហ័ស។ ប្រទេសមួយចំនួនបានដាក់វិធានការដូចគ្នាកាលពីថ្ងៃសុក្រ ដែលឈានទៅរកការផ្អាកការធ្វើដំណើរតាមផ្លូវអាកាសពីប្រទេសអាហ្វ្រិកខាងត្បូង ហើយភាគហ៊ុនបានធ្លាក់ចុះនៅអាស៊ី និងអឺរ៉ុបក្នុងប្រតិកម្មទៅនឹងព័ត៌មាននៃវីរុសបម្លែងខ្លួនថ្មីដែលអាចចម្លងកាន់តែច្រើន។
ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពីការរកឃើញវីរុសបម្លែងខ្លួនថ្មី វាបានជះឥទ្ធិពលលើពិភពលោកដ៏ច្របូកច្របល់ ដែលងាយនឹងទទួលដំណឹងអាក្រក់អំពីវីរុស COVID-19 ខណៈការស្លាប់នៅជុំវិញពិភពលោកមានចំនួនលើសពី ៥លាននាក់រួចទៅហើយ។ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ រួមទាំងអង្គការសុខភាពពិភពលោកបានព្រមានចំពោះប្រតិកម្មហួសហេតុណាមួយ មុនពេលបញ្ហាទាំងអស់មានភាពច្បាស់លាស់ ប៉ុន្តែប្រទេសដែលមានវិធានការបាននិយាយថា ការព្រួយបារម្ភរបស់ពួកគេគឺត្រឹមត្រូវ៕
អត្ថបទ៖ ប៊ុន ថន