យោងតាមការវិភាគថ្មីមួយ បានបង្ហាញថា សង្រ្គាមពាណិជ្ជកម្មដែលកាន់តែឡើងកម្ដៅខ្លាំងទៅៗរបស់លោក Donald Trump នឹងធ្វើឲ្យអ្នកគាំទ្រលោកប្រធានាធិបតីរូបនេះរងគ្រោះខ្លាំងបំផុតជាងគេ។ លោកប្រធានាធិបតី Trump បានចាប់ផ្ដើមគោលនយោបាយដំឡើងពន្ធ ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់លោក ដើម្បីកែទម្រង់ភាពជាដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយពិភពលោក។ ដៃគូទាំងនោះ បានដំឡើងពន្ធសងសឹកវិញ លើទំនិញរបស់អាមេរិក ជាការឆ្លើយតបទៅនឹងការយកពន្ធខ្ពស់របស់សេតវិមាន។
ការវិភាគរបស់សារព័ត៌មាន New York Times បានរកឃើញថា ពលរដ្ឋអាមេរិកជិត ៨លាននាក់ ដែលភាគច្រើន ជាអ្នកបោះឆ្នោតឲ្យលោក Trump ធ្វើការនៅក្នុងឧស្សាហកម្មដែលក្លាយជាគោលដៅនៃការដំឡើងពន្ធសងសឹក។ កម្មករប្រមាណ ៤,៤៨លាននាក់ដែលរងផលប៉ះពាល់ គឺស្ថិតក្នុងបណ្ដាតំបន់ដែលបានបោះឆ្នោតគាំទ្រលោក Trump សម្រាប់ការបោះឆ្នោតចុងក្រោយនេះ បើធៀបនឹងចំនួនកម្មករ ៣,២៦លាន នៅក្នុងបណ្ដាតំបន់ដែលបានបោះឆ្នោតឲ្យលោកស្រី Kamala Harris។

សហភាពអឺរ៉ុប (EU) កំពុងកំណត់គោលដៅលើផលិតផលឧស្សាហកម្ម និងកសិកម្មរបស់អាមេរិកដែលនាំចូលពីបណ្ដារដ្ឋដឹកនាំដោយគណបក្សសាធារណរដ្ឋ នៅក្នុងវិធានការដំឡើងពន្ធតបតរបស់ខ្លួន ដោយផ្តោតលើផលិតផលសាច់ ស្រាវីស្គី ម៉ូតូ ប៊ឺសណ្ដែកដី និងខោខូវប៊យ។
ចំណែកប្រទេសកាណាដាបានឆ្លើយតបជាមួយពន្ធថ្មីរបស់លោក Trump ដោយការយកពន្ធដែលគិតជាទឹកប្រាក់ចំនួន ២១ពាន់លានដុល្លារ ដែលផ្តោតលើការនាំចូលកុំព្យូទ័រ និងឧបករណ៍កីឡារបស់អាមេរិក។ រីឯសង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន ក៏បានកើនឡើងយ៉ាងខ្លាំងក្លាដែរ នៅក្នុងខែនេះ បន្ទាប់ពីលោក Trump បានដំឡើងពន្ធទ្វេដងដែលខ្លួនបានកំណត់ លើការនាំចូលរបស់ចិនដល់ ២០ភាគរយ។ ហើយទីក្រុងប៉េកាំងបានដំឡើងពន្ធបដិការ (ពន្ធតបតវិញ) រហូតដល់ ១៥ភាគរយលើទំនិញកសិកម្មមួយចំនួនរបស់សហរដ្ឋអាមេរិកនាំចូលពីតំបន់ជនបទដែលក្រុមកម្មករបានបោះឆ្នោតឲ្យលោក Trump។
យោងតាមការសិក្សា បានបង្ហាញថា ឧស្សាហកម្មដែលរងគ្រោះខ្លាំងបំផុត គឺនៅផ្នែកខ្លះនៃតំបន់ខ្ពង់រាប Midwest ភាគខាងត្បូង និងភាគអាគ្នេយ៍ ក្នុងនោះរួមទាំងផ្នែកនៃតំបន់ជនបទជាច្រើនដែលផលិតទំនិញកសិកម្ម ៕


