គណបក្សប្រជាធិបតេយ្យប្រឆាំងរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី១៧ ខែមីនា) នេះ បានជំរុញឲ្យតុលាការធម្មនុញ្ញរបស់ប្រទេស ចេញសេចក្ដីសម្រេចឲ្យបានឆាប់រហ័ស ពាក់ព័ន្ធនឹងសំណុះរឿងចោទប្រកាន់ទម្លាក់តំណែង ចំពោះប្រធានាធិបតី លោក Yoon Suk Yeol ដោយនិយាយថា ការធ្វើឲ្យប្រទេសទាំងមូលរង់ចាំលទ្ធផលនេះ គឺ «ជាការមិនទទួលខុសត្រូវ» និងនាំឲ្យសង្គមកាន់តែបែកបាក់ខ្លាំងឡើងៗ។
ស្របពេលដែលតុលាការមានសមាជិក ៨រូប បានបន្តការពិភាក្សាដល់សប្តាហ៍ទី៣ ភាពតានតឹងផ្នែកនយោបាយ បានកើនឡើង រវាងអ្នកដែលទាមទារឲ្យលោក Yoon ត្រូវបានបញ្ចប់តំណែង ដោយសារការប្រកាសច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីខែធ្នូឆ្នាំ និងអ្នកគាំទ្រដែលចង់ឲ្យលោកទទួលបានសិទ្ធិអំណាចវិញ។
តុលាការបានបញ្ចប់ការផ្ដល់ទឡ្ហីករណ៍ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ដែលលោក Yoon បានលើកហេតុផលថា ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក គឺចាំបាច់ត្រូវមាន ដើម្បីលុបបំបាត់ការគំរាមកំហែង «ចំពោះរដ្ឋ» ប៉ុន្តែលោកមិនដែលមានបំណងគ្រប់គ្រងដោយយោធាក្នុងគ្រាអាសន្នទាំងស្រុងនោះទេ។
លោក Kim Min-seok សមាជិកថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យ បានប្រាប់ថា៖ «ប្រទេស និងប្រជាជន បានឈានដល់ចំណុចបែកបាក់គ្នាហើយ»។ លោក Kim បានប្រាប់កិច្ចប្រជុំគណបក្សថា «យើងរង់ចាំការសម្រេចប្រកបដោយការទទួលខុសត្រូវរបស់តុលាការ។ ការពន្យារពេលបន្ថែមទៀត គឺខុសពីប្រក្រតី និងគ្មានការទទួលខុសត្រូវ»។
គួររំលឹកថា ក្នុងឆ្នាំ២០១៧ អតីតប្រធានាធិបតី លោកស្រី Park Geun-hye ត្រូវបានបញ្ចប់តំណែងរយៈពេល ១១ថ្ងៃ បន្ទាប់ពីមានអំណះអំណាងចុងក្រោយនៅក្នុងតុលាការធម្មនុញ្ញ អំឡុងការកាត់ក្តីចោទប្រកាន់ទម្លាក់តំណែងលោកស្រី៕