សារព័ត៌មាន Dawn រាយការណ៍ថា ការវាយប្រហារពីភេរវករលើក្បួនរថយន្តអង្គភាពព្រំដែន (FC) នៅតំបន់ Noshki របស់ខេត្ត Balochistan កាលពីថ្ងៃអាទិត្យ (ទី១៦ ខែមីនា) បានបណ្តាលឲ្យមនុស្ស ៥នាក់ ស្លាប់ ដែលមានបុគ្គលិកអង្គភាពព្រំដែន ៣នាក់ និងជនស៊ីវិល ២នាក់។
កងទ័ពរំដោះ Balochistan (BLA) ដែលត្រូវបានចាត់ទុកថា ជាក្រុមខុសច្បាប់ បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ដែលជាផ្នែកនៃការកើនឡើងនូវអំពើហិង្សាភេរវករ នៅក្នុងប្រទេសប៉ាគីស្ថាន ជាពិសេស នៅខេត្ត Balochistan។
ការវាយប្រហារនេះជាប់ពាក់ព័ន្ធនឹងការផ្ទុះភ្លាម ក្រោយមានការបំផ្ទុះគ្រាប់បែកអត្តឃាត។ កងកម្លាំងសន្តិសុខបានឆ្លើយតបយ៉ាងរហ័ស ដោយបានសម្លាប់ភេរវករ ៤នាក់ ក្នុងនោះរួមមានទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ។
ដោយដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយ PTV News សារព័ត៌មាន Dawn បានឲ្យដឹងថា ប្រភពសន្តិសុខ បានប្រាប់ថា៖ «ការផ្ទុះភ្លាមៗ និងការវាយប្រហារអត្តឃាត បានឆក់យកជីវិតបុគ្គលិកអង្គភាពព្រំដែន ៣នាក់ និងជនស៊ីវិល ២នាក់។ ជាវិធានការសងសឹកភ្លាមៗ កងកម្លាំងសន្តិសុខ បានសម្លាប់ភេរវករ ៤នាក់ រួមទាំងអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតផងដែរ»។
ការវាយប្រហារថ្មីនេះ កើតឡើងបន្ទាប់ពីមានហេតុការណ៍វាយប្រហាររឹបអូសរថភ្លើង Jaffar Express កាលពីថ្ងៃទី១១ ខែមីនា។ ក្រុមឧទ្ទាម Baloch បានប្លន់រថភ្លើង ដោយបានអះអាងថា បានសម្លាប់ចំណាប់ខ្មាំង ២១៤នាក់។ តែអាជ្ញាធរប៉ាគីស្ថាន បានរាយការណ៍ពីលទ្ធផលផ្ទុយពីការអះអាងនោះ។ យោងតាមក្រុមមន្ត្រី បានឲ្យដឹងថា ប្រតិបត្តិការបោសសម្អាតមួយ ត្រូវបានចាប់ផ្តើម ដែលបណ្តាលឲ្យមានអ្នកស្លាប់ទាំងអស់ ៣៣នាក់ ដែលពាក់ព័ន្ធនឹងការប្លន់នេះ។
ខណៈពេលដែលចំនួនអ្នកស្លាប់ និងរបួសសរុប នៅតែមិនទាន់អាចបញ្ជាក់បាន មន្ត្រីបានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ៣១នាក់ បានបាត់បង់ជីវិត ក្នុងនោះរួមមានទាំងអ្នកបើកបររថភ្លើង និងបុគ្គលិកសន្តិសុខ ៨នាក់ផងដែរ។ មន្ត្រីផ្លូវដែក បានប្រាប់ឲ្យដឹងថា រថភ្លើងនោះបានដឹកអ្នកដំណើរប្រមាណ ៤៤០នាក់ នៅពេលកើតហេតុការណ៍នោះ៕