រដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock នៅថ្ងៃចន្ទ (ទី១៧ ខែមីនា) បាននិយាយថា ប្រទេសអាល្លឺម៉ង់ សន្យាផ្តល់ជំនួយបន្ថែម ៣០០លានអឺរ៉ូ (៣២៦លានដុល្លារ) សម្រាប់ប្រជាជនស៊ីរី តាមរយៈអង្គការសហប្រជាជាតិ និងអង្គការត្រូវបានជ្រើសរើសផ្សេងទៀត នៅមុនសន្និសីទម្ចាស់ជំនួយដឹកនាំដោយសហភាពអឺរ៉ុប (EU) នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក។
លោកស្រី Baerbock បានប្រាប់ថា ច្រើនជាងពាក់កណ្តាលនៃមូលនិធិដែលត្រូវបានផ្តល់ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន នៅស៊ីរី ដែលនឹងត្រូវបានអនុវត្តដោយមិនមានពាក់ព័ន្ធនឹងរដ្ឋាភិបាលអន្តរកាល នៅក្នុងប្រទេស។
បើយោងតាមក្រសួងការបរទេស បានឲ្យដឹងថា មូលនិធិនេះនឹងផ្ដល់ទៅដល់កម្មវិធីផ្តល់អាហារ សេវាសុខភាព និងជម្រកសង្គ្រោះបន្ទាន់ ក៏ដូចជាវិធានការការពារអ្នកងាយរងគ្រោះជាពិសេស។ ហើយលោកស្រី Baerbock បានបន្ថែមថា ជនភៀសខ្លួនស៊ីរី និងសហគមន៍ម្ចាស់ផ្ទះ នៅប្រទេសហ្ស៊កដានី លីបង់ អ៊ីរ៉ាក់ និងទួរគី ក៏នឹងទទួលបានការគាំទ្រនេះផងដែរ។
ជាមួយគ្នានេះ លោកស្រីបានរំលឹកឡើងវិញនូវតម្រូវការ សម្រាប់ដំណើរការនយោបាយបរិយាបន្ន ដើម្បីធានាឲ្យបាននូវអនាគតប្រកបដោយសន្តិភាពសម្រាប់ស៊ីរី។ ហើយលោកស្រីក៏បានអំពាវនាវឲ្យរដ្ឋាភិបាលអន្តរកាលស៊ើបអង្កេតការសម្លាប់ជនស៊ីវិលរាប់រយនាក់ នៅក្នុងភូមិ Alawite និងឲ្យនាំអ្នកទទួលខុសត្រូវទៅទទួលទោស។
ការប៉ះទង្គិចគ្នាយ៉ាងហិង្សាជាច្រើនថ្ងៃ នៅតំបន់ឆ្នេរនៃប្រទេសស៊ីរី ក្នុងខែនេះ គឺជាការប្រយុទ្ធគ្នា រវាងក្រុមអ្នកស្មោះស្ម័គ្រ ចំពោះប្រធានាធិបតីដែលត្រូវបានទម្លាក់ចេញពីតំណែង គឺលោក Bashar al-Assad និងមេដឹកនាំឥស្លាមនិយមថ្មីរបស់ប្រទេសនេះ។ ស្ថាប័នឃ្លាំមើលសង្គ្រាម បានប្រាប់ឲ្យដឹងថា មនុស្សជាង ១.០០០នាក់ ត្រូវបានសម្លាប់៕