ក្រសួងការបរទេសកូរ៉េខាងត្បូង បាននិយាយថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Tae-yul បានស្វែងរកកិច្ចសហប្រតិបត្តិការពីទីក្រុងគីវ ដើម្បីដោះស្រាយបញ្ហាអ្នកទោសសង្គ្រាមកូរ៉េខាងជើង ក្នុងអំឡុងពេលសន្ទនាគ្នាតាមទូរសព្ទ នាថ្ងៃចន្ទ (ទី១៧ ខែមីនា) នេះ ជាមួយសមភាគីអ៊ុយក្រែន លោក Andrii Sybiha។
ការវាយតម្លៃរបស់អ៊ុយក្រែន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បង្ហាញថា កូរ៉េខាងជើង បានដាក់ពង្រាយទាហានរាប់ពាន់នាក់ ដើម្បីជួយគាំទ្រដល់កងកម្លាំងរុស្ស៊ីដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន ជាការចូលរួមដ៏ធំលើកដំបូងរបស់ក្រុងព្យុងយ៉ាង ក្នុងសង្គ្រាម គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០។
ក្រសួងការបរទេសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Cho បានបញ្ជាក់ជាថ្មីពីកិច្ចប្រឹងប្រែងរបស់ទីក្រុងសេអ៊ូល ក្នុងការគាំទ្រប្រជាជនអ៊ុយក្រែន ហើយបាននិយាយថា ទីក្រុងសេអ៊ូល នឹងទទួលយកទាហានកូរ៉េខាងជើងទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយអ៊ុយក្រែន ប្រសិនបើពួកគេចង់ទៅកូរ៉េខាងត្បូង។
ទីក្រុងគីវ ប្រាប់ឲ្យដឹងថា ទាហានកូរ៉េខាងជើងជាង ៣.០០០នាក់ ត្រូវបានសម្លាប់ ឬរងរបួស នៅក្នុងប្រទេសរុស្ស៊ី កាលពីដើមខែមករា ឆ្នាំ២០២៥៕