បែលហ្ស៊ិក និងរ៉ា្វន់ដា បានប្រកាសពីការបណ្តេញអ្នកការទូតគ្នាទៅវិញទៅមក ខណៈដែលទំនាក់ទំនង រវាងប្រទេសទាំង២ កាន់តែអាក្រក់ទៅៗ ដោយសារមានការចោទប្រកាន់ អំពីតួនាទីនៃភាគីម្ខាងៗ ក្នុងជម្លោះ នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
ទីក្រុង Kigali បានប្រាប់ថា ខ្លួនកំពុងផ្តាច់ទំនាក់ទំនងការទូត និងទុកពេល ៤៨ម៉ោងឲ្យអ្នកការទូតបែលហ្ស៊ិក ចាកចេញពីប្រទេសអាហ្វ្រិកខាងកើត ដោយចោទប្រកាន់ទីក្រុងប្រ៊ុចសែលថា «បានប្រើប្រាស់ការនិយាយភូតភរ និងឧបាយកល ដើម្បីធ្វើឲ្យមាននូវមតិអរិភាពមិនសមហេតុផល ចំពោះប្រទេសរ៉្វាន់ដា»។
ចំណែករដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិក លោក Maxime Prevot បាននិយាយថា ការចំណាត់ការនេះ គឺ «ជ្រុលហួសហេតុពេក ហើយបង្ហាញថា នៅពេលដែលយើងមិនយល់ស្របជាមួយប្រទេសរ៉្វាន់ដា ពួកគេមិនចង់ចូលរួមក្នុងកិច្ចសន្ទនា»។ លោកបានបន្ថែមថា ទីក្រុងប្រ៊ុចសែល នឹងតបតវិញ ដោយប្រកាសថា អ្នកការទូតរ៉្វាន់ដា ជាបុគ្គលដែលមិនត្រូវបានស្វាគមន៍។
គួរបញ្ជាក់ថា បណ្ដាមេដឹកនាំអាហ្រ្វិក បាននិងកំពុងព្យាយាមឲ្យឈានបទឈប់បាញ់យូរអង្វែង នៅក្នុងប្រទេសកុងហ្គោ ជាកន្លែងដែលរដ្ឋាភិបាលរ៉្វាន់ដាត្រូវបានចោទប្រកាន់ថា បានជួយគាំទ្រដល់ការវាយលុករបស់ក្រុមឧទ្ទាម M23 នៅភាគខាងកើតកុងហ្គោ៕