រដ្ឋអាជ្ញាលីទុយអានី នៅថ្ងៃចន្ទ (ទី១៧ ខែមីនា) នេះ បានប្រាប់ឲ្យដឹងថា ចារកម្មយោធារបស់រុស្ស៊ី គឺនៅពីក្រោយការវាយប្រហារដោយដុតលើហាងលក់ទំនិញ Ikea ក្នុងទីក្រុង Vilnius កាលពីខែឧសភាឆ្នាំមុន ហើយជនសង្ស័យក្នុងសំណុំរឿងនេះ កំពុងជាប់ឃុំក្នុងប្រទេសប៉ូឡូញ រួមជាមួយនឹងអ្នកផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មស្រដៀងគ្នានេះ។
ក្រុមមន្ត្រីលោកខាងលិច បានលើកឡើងថា អំពើវិឆ្ឆេទកម្ម បានកើនឡើងនៅទ្វីបអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសង្ស័យថា ជាប្រតិបត្តិការជួលដោយរុស្ស៊ី ដែលត្រូវបានគេគិតថា នៅពីក្រោយឧក្រិដ្ឋកម្មជាច្រើន។ រុស្ស៊ីតែងតែបានបដិសេធពីការជាប់ពាក់ព័ន្ធណាមួយ។
លោក Arturas Urbelis រដ្ឋអាជ្ញានៅការិយាល័យរដ្ឋអាជ្ញាទូទៅរបស់ប្រទេសលីទុយអានី បាននិយាយថា ការស៊ើបអង្កេតរបស់លីទុយអានី បានបង្ហាញថា ការលួចដុតហាងទំនិញ Ikea ត្រូវបានផ្សារភ្ជាប់ទៅនឹងប្រទេសរុស្ស៊ី តាមរយៈប្រព័ន្ធអន្តរការីដ៏ស្មុគស្មាញមួយ។
លោក Urbelis បានប្រាប់អ្នកសារព័ត៌មានថា៖ «ករណីនេះត្រូវបានភ្ជាប់ទៅនឹងចារកម្មយោធា រួមជាមួយនឹងទីភ្នាក់ងារសន្តិសុខ»។
លោកបានបន្ថែមថា ការវាយប្រហារនេះត្រូវបានគេជឿថា ធ្វើឡើងដោយពលរដ្ឋអ៊ុយក្រែន ២នាក់ ដែលម្នាក់ ក្នុងចំណោមពួកគេមិនទាន់គ្រប់អាយុ ដោយលោកបានបន្ថែមថា វាត្រូវបានចាត់ទុកជាករណីភេរវកម្ម។ លោកបានបញ្ជាក់ទៀតថា ជនសង្ស័យម្នាក់ទៀតត្រូវបានចាប់ខ្លួននៅក្នុងប្រទេសលីទុយអានីភ្លាមៗ បន្ទាប់ពីមានឧក្រិដ្ឋកម្មនេះ៕