បទឈប់បាញ់ហ្កាហ្សា កាន់តែផុយស្រួយខ្លាំងឡើងនៅយប់ឈានចូលថ្ងៃអង្គារ (១៨ មីនា) នេះ ខណៈយោធារបស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបើកការវាយប្រហារដ៏ខ្លាំងក្លា និងទូលំទូលាយលើគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដោយក្រុមគ្រូពេទ្យនៅទីនោះបានរាយការណ៍ថា មានអ្នកស្លាប់ និងរបួសជាច្រើន នៅក្នុងការវាយប្រហារតាមអាកាសដ៏ហិង្សាបំផុត ចាប់តាំងពីបទឈប់បាញ់ថ្ងៃទី១៩ ខែមករា បានចាប់ផ្តើម។

កងទ័ពមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីការវាយប្រហារនោះទេ។ យោងតាមក្រុមគ្រូពេទ្យ និងសាក្សីបានឱ្យដឹងថា លំនៅឋានចំនួន ៣ខ្នងត្រូវបានវាយប្រហារនៅតំបន់ Deir Al-Balah ភាគកណ្តាលហ្កាហ្សា អគារមួយកន្លែងនៅក្នុងទីក្រុងហ្កាហ្សា និងគោលដៅជាច្រើននៅក្រុង Khan Younis និង Rafah ។

អំពើហិង្សាដែលកាន់តែខ្លាំងក្លាឡើងនេះ បានកើតឡើងស្របពេលមានការខ្វែងគំនិតគ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស អំពីមធ្យោបាយរក្សាបទឈប់បាញ់ ៣ដំណាក់កាល ដែលបានចាប់ផ្តើមកាលពីខែមករា។

ក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតែមិនអាចដោះស្រាយភាពខ្វែងគំនិតគ្នារវាងភាគីជម្លោះទាំងពីរបាន នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ៕