បទឈប់បាញ់ហ្កាហ្សា កាន់តែផុយស្រួយខ្លាំងឡើងនៅយប់ឈានចូលថ្ងៃអង្គារ (១៨ មីនា) នេះ ខណៈយោធារបស់អ៊ីស្រាអែល បាននិយាយថា ខ្លួនបើកការវាយប្រហារដ៏ខ្លាំងក្លា និងទូលំទូលាយលើគោលដៅរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាថានឹងប្រើប្រាស់ "កម្លាំងយោធាកាន់តែខ្លាំង" ប្រឆាំងនឹងក្រុមហាម៉ាស។

ក្រុមគ្រូពេទ្យនៅទីនោះរាយការណ៍ថា មានអ្នកស្លាប់ និងរបួសជាច្រើន នៅក្នុងការវាយប្រហារតាមអាកាសដ៏ហិង្សាបំផុត ចាប់តាំងពីបទឈប់បាញ់ថ្ងៃទី១៩ ខែមករា បានចាប់ផ្តើម។ មន្ត្រីក្រុមហាម៉ាស និយាយថា មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ ហើយបានចោទអ៊ីស្រាអែលថា "បញ្ចប់កិច្ចព្រមព្រៀងបទឈប់បាញ់ដោយឯកតោភាគី" ។

យោងតាមក្រុមគ្រូពេទ្យ និងសាក្សីបានឱ្យដឹងថា សំឡេងផ្ទុះលាន់លឺពាសពេញដែនដីហ៊ុមព័ទ្ធនេះ ដោយលំនៅឋានចំនួន ៣ខ្នងត្រូវបានវាយប្រហារនៅតំបន់ Deir Al-Balah ភាគកណ្តាលហ្កាហ្សា អគារមួយកន្លែងនៅក្នុងទីក្រុងហ្កាហ្សា និងគោលដៅជាច្រើននៅក្រុង Khan Younis និង Rafah ។

អំពើហិង្សាដែលកាន់តែខ្លាំងក្លាឡើងនេះ បានកើតឡើងស្របពេលការខ្វែងគំនិតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ពីមធ្យោបាយរក្សាបទឈប់បាញ់ ៣ដំណាក់កាល ដែលបានចាប់ផ្តើមកាលពីខែមករា។ ក្រុមអ្នកសម្រុះសម្រួលអារ៉ាប់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតែមិនអាចដោះស្រាយភាពខ្វែងគំនិតគ្នារវាងភាគីជម្លោះទាំងពីរបាន នៅក្នុងកិច្ចពិភាក្សាដែលបានធ្វើឡើងក្នុងពេលពីរសប្តាហ៍កន្លងមកនេះ៕