ភ្នំពេញ ៖ ដូចទៅនឹងការគ្រោងទុកការប្រឡងជ្រើសរើសមេធាវីជំនាន់ទី១៨ បានរៀបចំឡើងនៅថ្ងៃទី ២៧ ខែវិច្ឆិកាឆ្នាំ២០២១នេះ។ ដើម្បីឲ្យការប្រឡងប្រព្រឹត្តិដោយសុក្រឹត្យយុត្តិធម៌គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំយ៉ាងយកចិត្តទុកដាក់ក្រោមការពិនិត្យតាមដានពីសំណាក់ប្រធានគណៈមេធាវី សមាជិកក្រុមគណៈមេធាវី តំណាងសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃគណៈរដ្ឋមន្ត្រី តំណាងក្រសួងយុត្តិធម៌ និងតំណាងមកពីរាជ្យបណ្ឌិតសភានៃវិជ្ជាជីវៈតុលាការជាដើម។
ឯកឧត្តម លី ចន្ទ័តុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន BTV ឲ្យដឹងថា ការប្រឡងជ្រើសរើសមេធាវីនៅជំនាន់ទី១៨នេះមានបេក្ខជនចំនួន៤០៥រូប បានដាក់ពាក្យប៉ុន្តែ២រូបបានដកពាក្យចេញ ដូច្នេះនៅសល់បេក្ខជនចំនួន៤០៣រូប ដែលត្រូវចូលរួមប្រកួតប្រជែងនៅថ្ងៃនេះ រីឯបេក្ខជនដែលនឹងត្រូវជ្រើសរើសមានចំនួន៦០រូបតែប៉ុណ្ណោះ ។
ឯកឧត្តម បានបន្តថា នៅក្នុងរយៈពេល១ថ្ងៃនេះគឺជាការប្រឡងលើវិញ្ញាសារសរសេរដែលពេលព្រឹកគឺលើមុខវិជ្ជាក្រមរដ្ឋប្បវេណី និងក្រមនីតិវិធីរដ្ឋប្បវេណី ដោយឡែកសម្រាប់ពេលរសៀលនឹងបន្តលើវិញ្ញាសារសរសេរដដែលដោយផ្តោតលើមុខវិជ្ជាក្រមព្រហ្មទណ្ឌ និងនីតិវិធីព្រហ្មទណ្ឌ។ បន្ទាប់ពីបេក្ខជនប្រឡងលើវិញ្ញាសារសរសេរហើយ គឺគណៈមេធាវីជ្រើសរើសត្រឹមតែ១២០នាក់ប៉ុណ្ណោះដើម្បីឈានដល់ការសំភាសន៍ផ្ទាល់មាត់ដែលត្រូវចម្រាញ់យកត្រឹមតែ៦០នាក់ចុងក្រោយ។
នៅក្នុងដំណើរការនៃការប្រឡងត្រូវបានរៀបចំទៅតាមគោលការណ៍ស្តង់ដាររបស់ក្រសួងសុខាភិបាលយ៉ាងត្រឹមត្រូវដែលតម្រូវអោយបេក្ខជនធ្វើតេសរហ័សនៅមុនមួយថ្ងៃនៃពេលប្រឡង ប្រសិនបើបេក្ខជនណាមិនទាន់បានតេសរហ័សនោះទេ គឺទាមទារធ្វើតេសនៅថ្ងៃប្រឡងផ្ទាល់តែម្តង។
មុននឹងចូលដល់បន្ទប់ប្រឡងគឺគណៈកម្មការរៀបចំបានត្រួតពិនិត្យយ៉ាងតឹងរឹង សូម្បីតែប៊ិចបន្ទាត់ក៏មិនអនុញ្ញាតអោយបេក្ខជនយកចូលបន្ទប់ប្រឡងដោយខ្លួនឯងនោះដែរគឺខាងគណៈកម្មការរៀបចំរួចជាស្រេចនៅតាមតុនីមួយៗ។
សូមបញ្ជាក់ថា ដើម្បីដាក់ពាក្យប្រឡងមេធាវីបានបេក្ខជនត្រូវមានសញ្ញាបត្របរិញ្ញាបត្រច្បាប់ជាដាច់ខាត ត្រូវជាបុគ្គលដែលមិនធ្លាប់ជាប់ទោសមជ្ឈិមនិងឧក្រិដ្ឋ ដោយមិនគិតពីអាយុច្រើននោះឡើយ ។លទ្ធផលនៃការប្រឡងលើវិញ្ញាសារសរសេរគ្រោង នឹងប្រកាសនៅថ្ងៃទី ០១ខែធ្នូឆ្នាំ២០២១យ៉ាងយូរបំផុត៕
អត្ថបទ៖កញ្






ញា