រដ្ឋមន្រ្តីការពារជាតិរបស់លីបង់ លោក Michel Menassa និងសមភាគីស៊ីរីរបស់ខ្លួនគឺលោក Murhaf Abu Qasra បានព្រមព្រៀងគ្នាលើបទឈប់បាញ់មួយ នេះបើតាមការលើកឡើងក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងទាំងពីរកាលពីថ្ងៃចន្ទ (១៧ មីនា) ខណៈការប៉ះទង្គិចគ្នាយ៉ាងហិង្សា និងបង្ហូរឈាមឆ្លងព្រំដែនក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បានធ្វើឱ្យមនុស្សយ៉ាងតិច ១០នាក់បានស្លាប់។

ក្រសួងការពារជាតិស៊ីរី និងលីបង់ បានលើកឡើងថា ទាហាន ៣នាក់មកពីកងកម្លាំងស៊ីរីថ្មី និងទាហានលីបង់ ៧នាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចឆ្លងព្រំដែនជាច្រើនដងនៅអំឡុងពេល ២ថ្ងៃកន្លងមកនេះ ហើយនៅខាងលីបង់ មនុស្សជាង ៥០នាក់ បានរងរបួស។

ប្រមុខការពារជាតិលីបង់ និងស៊ីរី ក៏បានព្រមព្រៀងគ្នាលើការបន្តទំនាក់ទំនងរវាងនាយកចារកម្មកងទ័ពនៅភាគីទាំងសងខាង ដើម្បីទប់ស្កាត់ជម្លោះ និងហិង្សានានាបន្ថែមទៀតនៅតាមព្រំដែន។

គួរឱ្យដឹងថា ព្រំដែនភ្នំរវាងលីបង់ និងស៊ីរី គឺជាចំណុចដ៏ក្ដៅគគុកមួយក្នុងរយៈពេល ៣ខែចុងក្រោយនេះ ចាប់តាំងពីក្រុមឧទ្ទាមអ៊ីស្លាមបានផ្តួលរំលំរបបលោក Bashar al-Assad របស់ស៊ីរី ដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងតេអេរ៉ង់ និងក្រុមប្រដាប់អាវុធលីបង់ ហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ ហើយភាគីទាំងពីរបានដំឡើងបុស្ដិ៍យោធា និងដាក់កងទ័ពរបស់ពួកគេដើម្បីតាមដានស្ថានការណ៍ ប៉ុន្តែសកម្មភាពនេះក៏បានបង្កជាការប៉ះទង្គិចជាបន្តបន្ទាប់៕