អំពើហិង្សាជាបន្តបន្ទាប់បានផ្ទុះឡើងយ៉ាងតានតឹងនៅក្នុងប្រទេសម៉ាសេដូនីខាងជើង កាលពីថ្ងៃចន្ទ (១៧ មីនា) ខណៈមនុស្សរាប់ពាន់នាក់បានសម្រុកតវ៉ាទាមទារយុត្តិធម៌ឱ្យជនរងគ្រោះ ៥៩នាក់ ដែលត្រូវបានសម្លាប់នៅក្នុងអគ្គិភ័យឆេះក្លឹបរាត្រីមួយកន្លែង ហើយបានអំពាវនាវឱ្យបញ្ចប់អំពើពុករលួយ ដែលគេនិយាយថា ជាមូលហេតុនៅពីក្រោយគ្រោះមហន្តរាយដ៏អាក្រក់បំផុតនោះក្នុងពេលជាច្រើនឆ្នាំ។

អគ្គិភ័យនោះបានផ្ទុះឡើងក្នុងអំឡុងការប្រគុំតន្រ្តីមួយនៅតំបន់ប្រជុំជន Kocani អំឡុងម៉ោង ៣ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពថ្ងៃអាទិត្យ (១៦ មីនា) ចុងសប្ដាហ៍ នៅពេលផ្កាភ្លើងផ្ទុះចេញពីកាំជ្រួចអបអរទៅឆេះពិដាននៅខាងលើ។ មនុស្សរាប់រយនាក់បានសម្រុករកច្រកចេញតែមួយគត់របស់ក្លឹបដែលគ្មានអាជ្ញាប័ណ្ណនោះ ខណៈអណ្តាតភ្លើងឆេះរាលពាសពេញដំបូលអគារ។

បាតុកររាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ាទាំងកំហឹងនៅទីលានចតុរង្គកណ្ដាលតំបន់ Kocani ទាមទារឱ្យរកមុខអ្នកទទួលខុសត្រូវលើឧប្បត្តិហេតុនោះ។ មនុស្សម្នាឱបគ្នា និងសម្រក់ទឹកភ្នែកយ៉ាងសោកសៅ ខណៈពួកគេតម្រង់ជួរអុជទៀនដើម្បីឧទ្ទិសដល់អ្នកស្លាប់ និងសម្ដែងទុក្ខសោករបស់ពួកគេ។

ក្រោយមក អំពើហិង្សាបានផ្ទុះឡើងភ្លាមៗ នៅពេលមនុស្សមួយក្រុមប្រើដុំថ្មវាយកម្ទេចបង្អួចនៃហាងស្រាមួយកន្លែង ដែលអ្នកតវ៉ានិយាយថា ដំណើរការដោយខុសច្បាប់ ហើយមនុស្សម្នារាប់រយនាក់បានសម្រុកទៅនិវេសនដ្ឋានរបស់អភិបាលក្រុង ដោយគប់ដុំថ្ម និងវាយកម្ទេចបង្អួច ដែលបង្ខំឱ្យសន្តិសុខចូលទប់ទល់ និងស្ដារសណ្ដាប់ធ្នាប់ឡើងវិញ៕