ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនឹងពិភាក្សាតាមទូរសព្ទជាមួយមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅព្រឹកថ្ងៃអង្គារ ១៨ មីនា នេះ (ពេលវេលានៅសហរដ្ឋអាមេរិក) អំពីការបញ្ចប់សង្រ្គាមអ៊ុយក្រែន ជាមួយនឹងប្រធានបទសម្បទានទឹកដីដោយទីក្រុងគីវ និងការគ្រប់គ្រងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ទំនងជាមានចំណុចសំខាន់នៅក្នុងកិច្ចពិភាក្សានោះ។

លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទថា "អ្វីដែលកំពុងកើតឡើងនៅអ៊ុយក្រែនគឺមិនល្អទេ ហើយយើងសង្ឃឹមថានឹងអាចធ្វើកិច្ចព្រមព្រៀងសន្តិភាព និងបទឈប់បាញ់បាន"។ ជាមួយគ្នានេះ វិមានក្រឹមឡាំង ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទដែរថា លោកប្រធានាធិបតី Putin នឹងពិភាក្សាជាមួយសមភាគីអាមេរិករបស់លោក តាមទូរសព្ទនៅថ្ងៃអង្គារនេះ។

លោក Trump បាននិងកំពុងព្យាយាមយកឈ្នះការគាំទ្ររបស់លោក Putin សម្រាប់សំណើបទឈប់បាញ់ ៣០ថ្ងៃ ដែលអ៊ុយក្រែនបានទទួលយកកាលពីសប្តាហ៍មុន ខណៈភាគីជម្លោះទាំងពីរបានបន្តវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លានៅព្រឹកថ្ងៃចន្ទ ហើយរុស្ស៊ីបានខិតទៅជិតការបណ្តេញកងកម្លាំងអ៊ុយក្រែន ចេញពីទីតាំងឈរជើងជាច្រើនខែរបស់ពួកគេនៅតំបន់ Kursk ភាគខាងលិចរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅក្នុងសុន្ទរកថាវីដេអូនៅពេលយប់របស់ខ្លួនបានចោទលោក Putin ថាបានអូសបន្លាយសង្រ្គាម ដោយនិយាយថា នៅពេលមេដឹកនាំរុស្ស៊ីរូបនេះបានដឹងជាមុនយូរមកហើយពីសំណើបទឈប់បាញ់ ប៉ុន្តែបានអូសបន្លាយពេលមិនយល់ព្រមភ្លាមៗ៕