រដ្ឋាភិបាលរបស់ប្រទេសប៉េរូ កាលពីថ្ងៃចន្ទ (១៧ មីនា) បានប្រកាសស្ថានភាពអាសន្នជាបន្ទាន់នៅក្នុងរដ្ឋធានីលីម៉ា ខណៈខ្លួនក៏បានដាក់ពង្រាយទាហាននៅតាមដងផ្លូវដើម្បីជួយទប់ទល់នឹងការកើនឡើងនៃអំពើហិង្សាយ៉ាងបង្ហូរឈាមនាពេលថ្មីៗនេះ ដែលបានឆក់យកអាយុជីវិតរបស់តារាចម្រៀងដ៏មានប្រជាប្រិយម្នាក់។

ការស្លាប់របស់តន្ត្រីករដ៏ល្បីល្បាញ ឈ្មោះ Paul Flores នៅព្រឹកថ្ងៃអាទិត្យកាលពីចុងសប្ដាហ៍នោះ បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីរថយន្តក្រុងដែលលោកកំពុងធ្វើដំណើរ បានរងការបាញ់ប្រហារពីក្រុមឧក្រិដ្ឋជនប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ ហើយតារារូបនោះបានស្លាប់បន្ទាប់ពីត្រូវគ្រាប់កាំភ្លើង។

រលកដ៏ធំនៃឧក្រិដ្ឋកម្ម រួមទាំងការហក់ឡើងក្នុងការជំរិតទារប្រាក់ បានជំរុញឱ្យប្រធានាធិបតី លោកស្រី Dina Boluarte ប្រកាសថា លោកស្រីចង់មើលឃើញឃាតករត្រូវប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត បើទោះបីជាប៉េរូ អនុញ្ញាតឱ្យកាត់ទោសប្រហារជីវិតចំពោះតែជនក្បត់ជាតិក៏ដោយ។

ក្រឹត្យគ្រាអាសន្នរយៈពេល ៣០ថ្ងៃនេះអនុវត្តចំពោះទីក្រុងលីម៉ា ក៏ដូចជាខេត្ត Callao ដែលនៅជិតខាង ហើយផ្តល់អំណាចបន្ថែមដល់អាជ្ញាធរឱ្យដាក់ពង្រាយយោធាដើម្បីប្រយុទ្ធប្រឆាំងនឹងភាពគ្មានច្បាប់។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមមន្ត្រីប៉េរូ បានប្រកាសអាសន្នម្តងហើយម្តងទៀត នៅពេលសកម្មភាពឧក្រិដ្ឋកម្ម ឬភាពចលាចលក្នុងសង្គមកើនឡើង៕