លោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ កាលពីថ្ងៃចន្ទ (១៧ មីនា) ថា ការកាត់ផ្ដាច់ជំនួយមនុស្សធម៌របស់សហរដ្ឋអាមេរិក កំពុងជះឥទ្ធិពលអវិជ្ជមានយ៉ាងមហន្តរាយដល់ប្រជាជនមីយ៉ាន់ម៉ា ដោយអំពើហិង្សាទំនងជាកើនឡើងបន្ថែមទៀត។

លោក Andrews បាននិយាយថា ការកាត់ផ្ដាច់ភ្លាមៗចំពោះកម្មវិធីស្បៀងអាហារ និងសុខភាព ដែលគាំទ្រប្រជាជនមីយ៉ាន់ម៉ារាប់លាននាក់ បានធ្វើឱ្យស្ថានភាពមនុស្សធម៌ដែលធ្ងន់ធ្ងររួចទៅហើយ កាន់តែអាក្រក់ខ្លាំងថែមទៀត ខណៈការវាយប្រហារតាមអាកាស និងអំពើហិង្សាដោយរបបសឹក ដែលបានដណ្តើមអំណាចនៅឆ្នាំ២០២១ កំពុងតែកើនឡើង។

គួរឱ្យដឹងថា ក្នុងការចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យផ្អាក ៩០ថ្ងៃលើជំនួយបរទេសទាំងអស់ ដែលរង់ចាំការពិនិត្យឡើងវិញ ថាតើកម្មវិធីជំនួយទាំងនោះអនុលោមតាមគោលនយោបាយការបរទេស "យកអាមេរិកជាធំ" របស់លោកឬទេ។

លោក Andrews បានលើកឡើងកាលពីពេលថ្មីៗនេះថា ការកាត់បន្ថយកម្មវិធីស្បៀងអាហារពិភពលោក WFP អាចធ្វើឱ្យស្ថានភាពបច្ចុប្បន្នកាន់តែអាក្រក់ទៅៗ ដោយព្រមានថា គ្រោះទុរ្ភិក្សនឹងកើតមានឆាប់ៗនៅក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចមីយ៉ាន់ម៉ា៕