ស្របពេលមានក្ដីរំពឹងថាតុលាការធម្មនុញ្ញកូរ៉េខាងត្បូង នឹងចេញសាលក្រមលើការចោទប្រកាន់ប្រធានាធិបតី Yoon Suk Yeol នៅសប្តាហ៍នេះ មេដឹកនាំដែលត្រូវបានព្យួរតំណែងរូបនេះ កំពុងប្រឈមការអំពាវនាវកាន់តែខ្លាំង ដើម្បីសន្យាជាសាធារណៈថារូបលោកនឹងទទួលយកសាលក្រម ទោះមានលទ្ធផលបែបណាក៏ដោយ ក្នុងកាទប់ស្កាត់ភាពចលាចល ដែលអាចកើតមាន ដោយក្រុមអំពាវនាវ ឬប្រឆាំងនឹងការបណ្តេញរូបលោកចេញពីតំណែង។

លោក Yoon ដែលត្រូវបានដោះលែងពីមន្ទីរឃុំឃាំងកាលពីថ្ងៃទី ៨ ខែមីនា បន្ទាប់ពីការឃុំខ្លួនរយៈពេល៥២ ថ្ងៃដោយសារតែការដាក់ច្បាប់អាជ្ញាសឹក នៅតែស្នាក់នៅក្នុងគេហដ្ឋានផ្លូវការរបស់លោកក្នុងទីក្រុងសេអ៊ូល រង់ចាំសេចក្ដីសម្រេចចុងក្រោយរបស់តុលាការ។

ខណៈក្រុមអ្នកនយោបាយគណបក្សកាន់អំណាចមួយចំនួន និងមេធាវីរបស់ប្រធានាធិបតីមួយរូប បានបង្ហាញឆន្ទៈក្នុងការទទួលយកសាលក្រមរបស់តុលាការនោះ លោក Yoon ខ្លួនឯងនៅតែរក្សាភាពស្ងៀមស្ងាត់រហូតមកដល់ពេលនេះ។

ក្នុងសេចក្តីថ្លែងការណ៍របស់លោកអំឡុងសវនាការចុងក្រោយរបស់តុលាការស្តីពីការជម្រះក្តីចោទប្រកាន់របស់លោកកាលពីថ្ងៃទី២៥ខែកុម្ភៈ លោកគ្រាន់តែនិយាយថារូបលោកនឹងប្រើអាណត្តិដែលនៅសល់របស់ខ្លួនសម្រាប់កំណែទម្រង់នយោបាយ និងវិសោធនកម្មរដ្ឋធម្មនុញ្ញ ប្រសិនបើត្រូវបានឡើងកាន់តំណែងឡើងវិញ ដោយពុំធ្វើអត្ថាធិប្បាយពីលទ្ធភាពនៃការដករូបលោកចេញពីតំណែងឡើយ។
ក្រុមអ្នកសង្កេតការណ៍នយោបាយយល់ឃើញថា លោក Yoon ខ្លួនឯងត្រូវតែប្តេជ្ញាជាសាធារណៈក្នុងការគោរពតាមសេចក្តីសម្រេចនេះ។
លោក Lee Joon-han សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅសកលវិទ្យាល័យជាតិ Incheon បាននិយាយថាក្នុងនាមជាប្រមុខរដ្ឋ លោកមានកាតព្វកិច្ចរក្សាគោលការណ៍រដ្ឋធម្មនុញ្ញ ដែលលោកបានប្តេជ្ញាថាធ្វើនៅពេលលោកបានចូលកាន់តំណែង។ ប្រធានាធិបតី គួរតែប្រកាសថា លោកនឹងទទួលយកសាលក្រមតុលាការ ពុំនោះនឹងរុញប្រទេសនេះឲ្យធ្លាក់ចូលក្នុងភាពចលាចលកាន់តែធ្ងន់ធ្ងរជាងនេះទៀតមិនខានឡើយ៕