ភ្នំពេញ ៖ ក្នុងបរិបទកូវីដ១៩ ជំរំកាយរឹទ្ធថ្នាក់ជាតិលើកទី៤ បានជំរុញការអប់រំយុវជន តាមរយៈសិក្ខាសាលាស្តីពី «កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ» រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១។
ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នាយកដ្ឋានសហប្រតិបត្តិការកាយរឹទ្ធិ នៃក្រសួងអប់រំ យុវជន និងកីឡា បានប្រារព្ធកម្មវិធីបើកសិក្ខាសាលាស្ដីពី “កាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ” តាមប្រព័ន្ធអនឡាញ ដែលមានសមាសភាពចូលរួម យុវជនកាយរឹទ្ធិកំពុងសិក្សាថ្នាក់ទី១០ និងទី១១ ទាំង២៥ រាជធានី ខេត្ត និងមជ្ឈមណ្ឌលជាតិយុវជនកម្ពុជាចំនួន ៤០០ នាក់ ក្នុងគោលបំណងចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងទៅនឹងសុខភាពចំណីអាហារ បរិស្ថាន វប្បធម៌ សហគមន៍ ការច្នៃបង្កើតថ្មី និងផ្នត់គំនិតថ្មីៗដល់យុវជន។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមវត្តមានរបស់ ឯកឧត្ដម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ធិជាតិកម្ពុជា តំណាង ឯកឧត្ដម បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកាយរឹទ្ធិជាតិកម្ពុជា។ សិក្ខាសាលាប្រព្រឹត្តិចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ។
សិក្ខាសាលា ស្តីពីកាយរឹទ្ធិ និងសុវត្ថិភាពចំណីអាហារ រៀបចំឡើងក្នុងគោលបំណង៖
-ចែករំលែកបទពិសោធន៍ ចំណេះដឹងទាក់ទងនឹងការអប់រំឌីជីថល សុខភាពចំណីអាហារ និងបរិស្ថាន។
-បំផុសគំនិត ឱ្យក្រុមគ្រួសារ អាណាព្យាបាលរបស់កាយរឹទ្ធិបានចូលរួមធ្វើសកម្មភាពជាមួយកាយរឹទ្ធិក្នុងសហគមន៍។
-លើកកម្ពស់ការយល់ដឹងអំពីវប្បធម៌សន្តិភាពនៅក្នុងសហគមន៍។
-ចែករំលែកបទពិសោធន៍បញ្ហាសង្គមបច្ចុប្បន្នដែលជះឥទ្ធិពលអវិជ្ជមានដល់យុវជន។
សូមបញ្ជាក់ថា ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេរនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាគរុគណកាយរឹទ្ធិជាតិកម្ពុជា ទើបកម្ពុជាមានសុខសន្តិភាព សេរីភាពប្រជាធិបត្តេយ្យ ប្រជាជន មហាជនទូទៅជាពិសេសយុវជន បានចូលរួមក្នុងការកសាងសមត្ថភាពរបស់ខ្លួនដើម្បី ឆ្លើយតបទៅនឹងសង្គមឌីជីថល និងសម្របខ្លួនក្នុងរស់នៅជាមួយបរិបទជំងឺកូវិដ-១៩ ដូច្នេះតាមរយៈសិក្ខាសាលានេះ នឹងក្លាយជាថ្នាលសិក្សា សាលារៀនចល័ត តាមបែបអនឡាញ និងជាធាតុចូលយ៉ាងសំខាន់ សម្រាប់យុវជន ដើម្បីបណ្តុះបណ្តាលរួមគ្នា និងអភិវឌ្ឍសមត្ថភាព តាមរយៈកម្មវិធីអប់រំដោយអនុវត្តជាក់ស្តែង និងវិធីកាយរិទ្ធ ដែលជាវិធីសាស្ត្រអប់រំនិងបណ្តុះបណ្តាលយុវជនអោយក្លាយជាធនធានដ៏មានតម្លៃនៅក្នុងសង្គមយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ ៖ រក្សា