អវកាសយានិកជើងចាស់ពីររូបរបស់អង្គការ NASA គឺលោក Butch Wilmore និងលោកស្រី Suni Williams បានធ្វើដំណើរចាកចេញពីស្ថានីយអវកាសអន្តរជាតិ នៅព្រឹកព្រលឹមថ្ងៃអង្គារ (១៨ មីនា) នៅក្នុងកន្សោមយាន SpaceX សម្រាប់ណើរដែលរង់ចាំយូរមកហើយដើម្បីត្រឡប់ទៅផែនដីវិញ បន្ទាប់ពីជាប់គាំងរយៈពេល ៩ខែនៅលើលំហ ដោយសារតែកំហុសបច្ចេកទេសយានប៊ូអ៊ីង Starliner បានបង្អាក់បេសកកម្មសាកល្បងរបស់ពួកគេ ដែលដំបូងឡើយត្រូវកំណត់ត្រឹមតែប្រហែលមួយសប្តាហ៍ប៉ុណ្ណោះ។

លោក Wilmore និងលោកស្រី Williams ដែលជាអវកាសយានិកណាសា ព្រមទាំងជាអ្នកបើកយន្តហោះសាកល្បងរបស់កងទ័ពជើងទឹកអាមេរិកចូលនិវត្តន៍ បានជិះនៅក្នុងយាន Crew Dragon រួមជាមួយនឹងអវកាសយានិកពីរនាក់ផ្សេងទៀត ហើយហោះចេញពីមន្ទីរពិសោធន៍គន្លងនៅម៉ោងប្រមាណ ១:០៥ព្រឹកថ្ងៃអង្គារ (ម៉ោងសកល) ដោយចាប់ផ្តើមការធ្វើដំណើរ ១៧ម៉ោងមកកាន់ផែនដី រួចនឹងចុះចតនៅឆ្នេររដ្ឋ Florida របស់អាមេរិក នៅល្ងាចថ្ងៃអង្គារនេះ។

ការត្រលប់មកវិញរបស់អវកាសយានិកទាំងនោះ បានបញ្ចប់នូវបេសកកម្មមិនធម្មតាមួយ ដែលពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាបច្ចេកទេស ដែលបានប្រែក្លាយជាករណីដ៏កម្រសម្រាប់ NASA និងទាក់ទាញការផ្ដោតអារម្មណ៍ជាអន្តរជាតិ ដោយសារតែសមត្ថភាពរស់នៅលើលំហរយៈពេលយូររបស់អវកាសយានិកទាំងពីររូបនោះ។

គួរឱ្យដឹងថា ការរស់នៅក្នុងលំហអាកាសអស់ជាច្រើនខែ អាចប៉ះពាល់ដល់រាងកាយមនុស្សតាមវិធីជាច្រើន រាប់ចាប់ពីការដាច់សាច់ដុំ រហូតដល់ការចុះខ្សោយនៃការមើលឃើញ និងបញ្ហាផ្សេងទៀត៕