ហ្វូងមនុស្សយ៉ាងច្រើនកុះករបានចូលរួមក្នុងការតវ៉ាកាលពីថ្ងៃចន្ទ (១៧ មីនា) នៅប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយពួកឧទ្ទាមហ៊ួទី បន្ទាប់ពីការវាយប្រហារដ៏បង្ហូរឈាមរបស់សហរដ្ឋអាមេរិក បានសម្លាប់មនុស្សរាប់សិបនាក់ និងបង្កឱ្យមានការភ័យខ្លាច ជុំវិញវដ្តថ្មីនៃអំពើហិង្សានៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។

បាតុកររាប់ម៉ឺននាក់ ដោយភាគច្រើនគ្រវីកាំភ្លើង ដាវ ឬគម្ពីកូរ៉ាន់ បានស្រែកថា "ស្លាប់ទៅអាមេរិក ស្លាប់ទៅអ៊ីស្រាអែល!" នៅរដ្ឋធានីសាណា រួមទាំងកន្លែងផ្សេងទៀតនៅទូទាំងប្រទេសយេម៉ែន ដើម្បីប្រឆាំងនឹងសកម្មភាពយោធាដែលកំពុងកើតឡើង។

ការតវ៉ាទ្រង់ទ្រាយធំនេះ បានកើតឡើងបន្ទាប់ពីការវាយប្រហារលើកដំបូងរបស់សហរដ្ឋអាមេរិក ទៅលើទឹកដីយេម៉ែន នៅក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump ក្នុងគោលបំណងបញ្ចប់យុទ្ធនាការបៀតបៀន និងរំខានផ្លូវទឹកនៅសមុទ្រក្រហមរបស់ក្រុមហ៊ួទី ដែលបានសម្លាប់មនុស្សជាង ៥០នាក់ និងបង្ករបួសជាច្រើន។

ទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាបន្តវាយលុកលើប្រទេសយេម៉ែន រហូតទាល់តែពួកឧទ្ទាមហ៊ួទី ឈប់វាយប្រហារលើការដឹកជញ្ជូននៅសមុទ្រក្រហម ដោយលោក Trump បានព្រមានថា លោកនឹងប្រើប្រាស់ "កម្លាំងដ៏ច្រើនលើសលប់" ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធមួយនេះ៕