កូរ៉េខាងជើង បានថ្កោលទោស និងរិះគន់ការវាយប្រហារតាមអាកាសថ្មីៗរបស់សហរដ្ឋអាមេរិក ទៅលើយេម៉ែន ថាជាទង្វើរំលោភបំពានច្បាប់អន្តរជាតិ និងអធិបតេយ្យភាពរបស់ប្រទេសនេះ ហើយបាននិយាយថា សកម្មភាពបែបនេះមិនអាចយកភាពត្រឹមត្រូវមកអះអាងបានទេ នេះបើតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ KCNA នៅថ្ងៃអង្គារ (១៨ មីនា) នេះ ដោយដកស្រង់សម្ដីឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំយេម៉ែន។

ការវាយប្រហារទ្រង់ទ្រាយធំថ្មីៗរបស់សហរដ្ឋអាមេរិក ត្រូវបានបញ្ជាដោយលោកប្រធានាធិបតី Donald Trump កាលពីសប្តាហ៍មុន សំដៅទៅលើក្រុមហ៊ួទី ដែលអ៊ីរ៉ង់គាំទ្រ ជុំដោយសារតែការវាយប្រហាររបស់ក្រុមនេះទៅលើការដឹកជញ្ជូននៅសមុទ្រក្រហម។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហ៊ួទី បាននិយាយថា ការវាយប្រហារនោះបានសម្លាប់មនុស្សជាង ៥០នាក់រួមទាំងស្ត្រី និងកុមារផងដែរ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក Ma Dong Hui ដែលទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយថា ក៏ជាបេសកជនរបស់ទីក្រុងព្យុងយ៉ាងប្រចាំនៅអេហ្ស៊ីបផងដែរនោះ បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន បានកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធ ដោយការចល័តទ័ពអាកាស និងកងទ័ពជើងទឹក រួមទាំងនាវាផ្ទុកយន្តហោះប្រឆាំងនឹងយេម៉ែន ហើយនោះជាទង្វើបំពានច្បាប់អន្តរជាតិ។

ក្រសួងការពារជាតិអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាសរបស់ខ្លួន បានកំណត់គោលដៅលើទីតាំងជាង ៣០កន្លែង ហើយពាក់ព័ន្ធនឹងប្រតិបត្តិការយន្តហោះចម្បាំងចេញពីនាវាផ្ទុកយន្តហោះនៅសមុទ្រក្រហម៕