សមាជិកសភាជាន់ខ្ពស់របស់ប្រទេសវេណេស៊ុយអេឡា លោក Jorge Rodriguez កាលពីថ្ងៃចន្ទបានទាមទារឱ្យសហរដ្ឋអាមេរិកធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍គ្មានឯកសាររបស់ខ្លួន បន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបាននិរទេសទៅកាន់ប្រទេសអែលសាវ៉ាឌ័រ។

លោក Rodriguez បានរិះគន់ការនិរទេសនេះថាជាអំពើឃោឃៅ និងជា «ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ» ដោយនិយាយថា អាជ្ញាធរសហរដ្ឋអាមេរិកកំពុង «ចាប់ជំរិត» មនុស្សដែលមានអាយុ១៤ឆ្នាំ ហើយបដិសេធមិនឲ្យពួកគេធ្វើតាមដំណើរការត្រឹមត្រូវ។ លោកបានអះអាងថា ជាផ្នែកមួយនៃការបង្រ្កាបជនអន្តោប្រវេសន៍របស់ទីក្រុងវ៉ាស៊ីនតោន អនីតិជនកំពុងត្រូវបាន «ចាប់ជំរិត ឃុំខ្លួន ដាក់ឲ្យនៅឯកោ និងបាននាំទៅកាន់ប្រទេសផ្សេងៗទៀត»។

លោក បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក Nicolas Maduro ចេញការណែនាំអំពីការធ្វើដំណើរ ដោយព្រមានប្រជាជនវេណេស៊ុយអេឡា កុំឱ្យធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក។
សមាជិកសភា ក៏បានប្រកាសពីការចាប់ផ្តើម «យុទ្ធនាការ» ដើម្បីបង្កើនការយល់ដឹងអំពីការរំលោភបំពាន ដែលបានប្រព្រឹត្តទៅលើជនអន្តោប្រវេសន៍វេណេស៊ុយអេឡា និងជំរុញឲ្យជនអន្តោប្រវេសន៍វេណេស៊ុយអេឡា ចុះឈ្មោះតាមរយៈគណនី Instagram សម្រាប់ជំនួយផ្លូវច្បាប់។