អ្នកជំនាញដែលត្រូវបានតែងតាំងដោយអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានចាត់ទុកការចាប់ខ្លួនរបស់អាជ្ញាធរសហរដ្ឋអាមេរិកនូវនិស្សិតបរទេស ចំពោះការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅបរិវេណសាកលវិទ្យា ល័យ «មិនសមហេតុផល» ហើយបានអំពាវនាវឲ្យគោរពសិទ្ធិរបស់ពួកគេ។

បរិវេណសាកលវិទ្យាល័យអាមេរិក ក្នុងនោះមានសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉ក ត្រូវរង្គោះរង្គើដោយការតវ៉ារបស់និស្សិតប្រឆាំងនឹងសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដោយនាំឲ្យមានការចោទប្រកាន់ពីការប្រឆាំងនឹងជនជាតិជ្វីហ្វ។

មន្ត្រីអន្តោប្រវេសន៍ បានចាប់ខ្លួនលោក Mahmoud Khalil មេដឹកនាំបាតុកម្ម នៅសាកលវិទ្យាល័យ Columbia នៅចុងសប្តាហ៍នៃថ្ងៃទី ៩-១០ ខែមីនា បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ប្តេជ្ញានិរទេសក្រុមបាតុករនិស្សិតបរទេស ដែលគាំទ្រប៉ាឡេស្ទីន។
ក្រោយមក សេតវិមានបាននិយាយថា អាជ្ញាធរបានផ្តល់បញ្ជីឈ្មោះនិស្សិតនៃសាកល Columbia ដែល មន្ត្រីកំពុងប្រឹងប្រែងដើម្បីធ្វើការនិរទេស ជុំវិញការចោទប្រកាន់ថា ពួកគេបានចូលរួមក្នុងការ តវ៉ា។
អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«សកម្មភាពទាំងនេះ គឺមិនសមហេតុផល មិនចាំបាច់ និងមានការរើសអើង ហើយនឹងនាំឲ្យមានការប៉ះទង្គិចផ្លូវចិត្តកាន់តែច្រើនឡើង ដែលជះឥទ្ធិពលអវិជ្ជមានដល់បរិយាកាសសិក្សា នៅក្នុងបរិវេណសាកលវិទ្យាល័យ»។