រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានជួបសមភាគីស៊ីរី លោក Asaad Al-Shaibani នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃចន្ទ នៅខាងក្រៅសន្និសីទអន្តរជាតិ ដើម្បីគាំទ្រការផ្លាស់ប្តូរនយោបាយរបស់ប្រទេសស៊ីរី។
ទំនាក់ទំនងរវាងប្រទេសជិតខាង មានភាពប្រសើរឡើង ចាប់តាំងពីការដួលរលំនៃរបបរបស់លោក បាសា អាល់អាសាដ ( Bashar al-Assad ) ក្នុងខែធ្នូ។ ប្រធានាធិបតីបណ្តោះអាសន្ននៃសាធារណរដ្ឋអារ៉ាប់ស៊ីរី លោក Ahmad Al-Sharaa បានទៅបំពេញទស្សនកិច្ចនៅទីក្រុងអាម៉ាន ( Amman) កាលពីចុងខែកុម្ភៈ។
នៅទីក្រុងប្រ៊ុចសែល រដ្ឋមន្ត្រីបានពិភាក្សាអំពីការវិវឌ្ឍថ្មីៗបំផុត នៅក្នុងប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មាន Petra បានរាយការណ៍ថា លោក Safadi បាននិយាយថា ហ្ស៊កដានីគាំទ្រការកសាងឡើងវិញរបស់ស៊ីរី ដោយឈរលើមូលដ្ឋាននៃការរក្សាសន្តិសុខ និងឯកភាពជាតិរបស់ខ្លួន ហើយចាំបាច់ត្រូវការពារសិទ្ធិរបស់ប្រជាជនស៊ីរី។
កាលពីថ្ងៃចន្ទ សហភាពអឺរ៉ុបបានរៀបចំសន្និសីទអន្តរជាតិលើកទី ៩ ដើម្បីគាំទ្រប្រទេសស៊ីរី។ តំណាងរដ្ឋាភិបាលបណ្តោះអាសន្នថ្មី ត្រូវបានអញ្ជើញឲ្យចូលរួមជាលើកដំបូង ក្នុងនោះមាន លោក Al-Shaibani ផងដែរ។
ព្រឹត្តិការណ៍នេះ មានគោលបំណងជំរុញការគាំទ្រអន្តរជាតិសម្រាប់ការផ្លាស់ប្តូរ និងការស្តារឡើងវិញរបស់ប្រទេសស៊ីរី បន្ទាប់ពីសង្គ្រាមស៊ីវិលជាង ១៣ឆ្នាំ។