ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីបន្តអាណត្តិបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន (UNAMA) រហូតដល់ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២៦។
តាមរយៈការអនុម័តសេចក្តីសម្រេចលេខ ២៧៧៧ ក្រុមប្រឹក្សាសន្តិសុខបានសង្កត់ធ្ងន់លើតួនាទីសំខាន់ដែលអង្គការសហប្រជាជាតិ នឹងបន្តដើរតួក្នុងការលើកកម្ពស់សន្តិភាព និងស្ថិរភាព នៅអាហ្វហ្គានីស្ថាន ហើយបានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ខ្លួន ចំពោះអធិបតេយ្យភាព ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិ។
ក្រុមប្រឹក្សានេះ បានសង្កត់ធ្ងន់លើការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងមនុស្សធម៌ដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយបានទទួលស្គាល់ពីតម្រូវការក្នុងការជួយដោះស្រាយបញ្ហាប្រឈមសំខាន់ដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងជួបប្រទះ រួមទាំងតាមរយៈកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ និងដើម្បីឲ្យការប្រើប្រាស់ទ្រព្យសម្បត្តិ ដែលជាកម្មសិទ្ធិរបស់ធនាគារកណ្តាលអាហ្វហ្គានីស្ថាន សម្រាប់ជាប្រយោជន៍ដល់ប្រជាជនអាហ្វហ្គានីស្ថាន។
អង្គការដែលមានសមាជិកចំនួន ១៥ប្រទេសនេះ ក៏បានសម្តែងការព្រួយបារម្ភជាពន់ពេកចំពោះវត្តមានរបស់ក្រុមភេរវករ នៅក្នុងប្រទេសនេះ ដោយបញ្ជាក់សាជាថ្មីអំពីសារៈសំខាន់នៃការប្រយុទ្ធប្រឆាំងនឹង អំពើភេរវកម្ម។
លោក Fu Cong តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បាននិយាយបន្ទាប់ពីការបោះឆ្នោតថា៖ «ប្រទេសចិនស្វាគមន៍ការអនុម័តជាឯកច្ឆន្ទនូវសេចក្តីសម្រេចលេខ ២៧៧៧ ដោយក្រុមប្រឹក្សាសន្តិសុខ។ ការអនុម័តនេះ បង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់ក្រុមប្រឹក្សាសម្រាប់បេសកកម្មនេះ និងប្រជាជននៅអាហ្វហ្គានីស្ថាន»។