ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ដែល ហ្វាតា អាល់ស៊ីស៊ី (Abdel-Fattah al-Sisi) បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសនេះ កំពុងទទួលរងការខាតបង់ប្រចាំខែប្រមាណ ៨០០ លានដុល្លារអាមេរិក នៅក្នុងប្រាក់ចំណូលពីព្រែកជីកស៊ុយអេ( Suez) ដោយសារស្ថានភាពក្នុងតំបន់។
លោក ស៊ីស៊ី បានធ្វើការអត្ថាធិប្បាយ ក្នុងអំឡុងពេលពិធីបុណ្យរ៉ាម៉ាដានប្រចាំឆ្នាំ ដែលរៀបចំដោយកងកម្លាំងប្រដាប់អាវុធ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីអេហ្ស៊ីប។
លោកប្រធានាធិបតីអេហ្ស៊ីប បានបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសនេះ កំពុងមើលឃើញសូចនាករវិជ្ជមាន ដោយចង្អុលទៅការអនុម័តថ្មីៗនេះដោយមូលនិធិរូបិយវត្ថុអន្តរជាតិ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភថ្មីដល់អេហ្ស៊ីប។
ភាពតានតឹង បានកើតឡើងនៅសមុទ្រក្រហម បន្ទាប់ពីក្រុមហ៊ួទីនៅប្រទេសយេម៉ែន បានចាប់ផ្តើមវាយប្រហារទៅលើនាវាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដើម្បីបង្ហាញពីសាមគ្គីភាព ជាមួយតំបន់ហ្កាហ្សា ក្នុងអំឡុងពេលជម្លោះរវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ដែលប៉ះពាល់ដល់ការដឹកជញ្ជូនឆ្លងកាត់ផ្លូវទឹកដ៏សំខាន់នេះ។